
យោងតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត Riad Abdeljalil ដែលដឹកនាំការងារវះកាត់ បានឲ្យដឹងថា បុគ្គលិកសុខាភិបាលនៅមជ្ឈមណ្ឌលជំងឺមហារីក King Hussein របស់ប្រទេសហ៊្សកដានី បានធ្វើការវះកាត់ដោយរូបយន្តលើអ្នកជំងឺមហារីក ដោយផ្តល់ការវះកាត់ត្រឹមត្រូវជាងមុន។
លោក Abdeljalil ដែលជាទីប្រឹក្សាវះកាត់ដើមទ្រូង និយាយថា ការវះកាត់ដោយរូបយន្ត បង្ហាញថាវាបានកាត់បន្ថយការឈឺចាប់លើអ្នកជំងឺ មានស្លាកស្នាមរបួសតូចជាងមុន ហើយនិងការជាសះស្បើយឆាប់រហ័សជាងការវះកាត់ធម្មតា ។
លោក Abdeljalil បន្តថា មជ្ឈមណ្ឌលរបស់ពួកយើង ចាប់ផ្តើមប្រើប្រាស់រូបយន្តអនុវត្តន៍លើការវះកាត់របស់ខ្លួនកាលពីខែមីនា ឆ្នាំ ២០២២ ដោយពួកយើងបញ្ចប់ការវះកាត់ ៧៥លើក គិតមកទល់នឹងថ្ងៃចន្ទដើមសប្តាហ៍នេះ ។
ដោយឡែក លោកវេជ្ជបណ្ឌិត Monther Howarat គឺជាជំនួយការអគ្គនាយកទទួលបន្ទុកកិច្ចការអ្នកជំងឺនៅមជ្ឈមណ្ឌល King Hussein និយាយថា ចំនួនអ្នកជំងឺមហារីកនៅប្រទេសហ៊្សកដានី មានចំនួន ៩.២៤៨នាក់ ក្នុងនោះអ្នកជំងឺប្រហែល ៧.០៩៤នាក់នៃពួកគេគឺជាជនជាតិហ្សកដានី ។
នៅគេហទ័ពរបស់មជ្ឈមណ្ឌល King Hussein បង្ហាញថា ដៃរបស់រូបយន្តធ្វើការដំណាលគ្នា ដៃមួយបំពាក់ដោយកាមេរ៉ា និងដៃ ២ទៀត មានមុខងារជាដៃវះកាត់ ។ ចំណែកឯដៃទី ៤ ទុកសម្រាប់ជំនួយ ៕