
ការិយាល័យបោះឆ្នោត នឹងបើកទ្វារនៅទូទាំងប្រទេសសិង្ហបុរី នាថ្ងៃសុក្រ (ទី១ ខែកញ្ញា) សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលមានការប្រកួតប្រជែងលើកដំបូងរបស់ប្រទេសក្នុងរយៈពេល ១២ឆ្នាំ។
ការបោះឆ្នោតនេះ នឹងផ្តល់ឱកាសមួយ ដើម្បីវាស់ស្ទង់អារម្មណ៍របស់ប្រជាជនសិង្ហបុរី បន្ទាប់ពីកើតមាននូវរឿងអាស្រូវនយោបាយដ៏កម្រមួយចំនួន នៅក្នុងប្រទេសនេះ។
ប្រធានាធិបតីជិតផុតអាណត្តិ លោកស្រី Halimah Yacob គឺជាបេក្ខជនតែមួយគត់ សម្រាប់ការបោះឆ្នោតចុងក្រោយ កាលពី ៦ឆ្នាំមុន ដោយគ្មាននរណាម្នាក់ អាចបំពេញតាមលក្ខណៈវិនិច្ឆ័យដ៏តឹងរឹង ដែលសិង្ហបុរីអនុវត្តលើការតែងតាំង សម្រាប់តំណែងនេះ ដែលភាគច្រើនគ្រាន់តែជាពិធីការ និងមានដែនកំណត់ ទោះបីជាអំណាចត្រួតពិនិត្យលើកិច្ចការសំខាន់ៗក៏ដោយ។
នៅឆ្នាំនេះ អ្នកបោះឆ្នោត នឹងសម្រេចចិត្តធ្វើការជ្រើសរើស រវាងបេក្ខជន ៣រូប គឺលោក Tharman Shanmugaratnam លោក Ng Kok Song ( ណុង កុក សុង) និងលោក Tan Kin Lian។ អ្នកទាំង៣ គឺត្រូវតែមានភាពឯករាជ្យភាព ដែលជាការតម្រូវជាមុន សម្រាប់អ្នកដែលចង់ក្លាយជាប្រធានាធិបតីរបស់ប្រទេសនេះ។
យ៉ាងណាក្ដី ការបោះឆ្នោតនេះ ក៏កើតមានឡើងស្របពេលមានបញ្ហាផងដែរ ដោយគណបក្សកាន់អំណាចបច្ចុប្បន្ន បានរងការវាយប្រហារដោយរឿងអាស្រូវជាច្រើនក្នុងប៉ុន្មានខែថ្មីៗនេះ ដែលជាភាពកម្រមួយក្នុងប្រទេសដែលទទួលបាននូវភាពល្បីល្បាញ ដោយសារស្ថិរភាពនយោបាយរបស់ខ្លួន និងនៅក្នុងគណបក្សមួយដែលបានធ្វើយុទ្ធនាការយូរមកហើយលើសុចរិតភាពរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក S Iswaran ត្រូវបានចាប់ខ្លួន កាលពីខែកក្កដា ហើយត្រូវបានព្យួរការងារ ខណៈពេលដែលស្ថិតនៅក្រោមការស៊ើបអង្កេតពីការិយាល័យស៊ើបអង្កេតលើការប្រព្រឹត្តអំពើពុករលួយ។ ក្នុងខែដដែល សមាជិកសភារដ្ឋាភិបាល ២រូប រួមទាំងប្រធានសភាលោក Tan Chuan-Jin បានលាលែងពីតំណែងជុំវិញទំនាក់ទំនងដែលនាយកមន្ត្រីលោក Lee Hsien Loong បានពណ៌នាថា មានភាព «មិនសមរម្យ»៕