
អាជ្ញាធរសន្តិសុខប៉ូឡូញ កំពុងស៊ើបអង្កេតករណីជាច្រើននៃការរំខានដល់ចរាចរណ៍ផ្លូវដែក បន្ទាប់ពីសញ្ញាវិទ្យុដែលគ្មានការអនុញ្ញាត បានបញ្ឈប់រថភ្លើងជាច្រើន កាលពីចុងសប្តាហ៍មុន។
នៅលើសញ្ញាមួយចំនួន ភ្លេងជាតិរុស្ស៊ី អាចត្រូវបានគេរាយការណ៍ថា ត្រូវបានឮនៅផ្នែកខាងក្រោយ។
ផ្លូវដែករបស់ប្រទេសប៉ូឡូញ គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ការគាំទ្រផ្នែកយោធាអន្តរជាតិទៅកាន់ប្រទេសជិតខាងអ៊ុយក្រែន ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។ បណ្តាញនេះ ក៏ដឹកជញ្ជូនការនាំចេញកសិផលរបស់អ៊ុយក្រែនទៅកាន់ទីផ្សារបន្ថែមទៀត នៅភាគខាងលិច។
បុរសពីរនាក់ ដែលស្ថិតក្នុងវ័យខ្ទង់២០ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យបន្ទាប់ពីពួកគេ បានបង្កើតសញ្ញា intercomដែលបានបញ្ឈប់រថភ្លើងដឹកអ្នកដំណើរចំនួន ៥គ្រឿង និងរថភ្លើងដឹកទំនិញមួយគ្រឿង នៅជិតទីក្រុង Bialystok ភាគឦសាន។ ក្រុមរដ្ឋអាជ្ញា បានបើកការស៊ើបអង្កេត។ ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ ដែលត្រូវបានចាប់ខ្លួន គឺជានគរបាល ហើយនគរបាលនៅទីក្រុង Bialystok បាននិយាយកាលពីថ្ងៃចន្ទថា ភ្នាក់ងាររបស់ពួកគេ បានបើកនីតិវិធីបណ្តេញចេញប្រឆាំងនឹងរូបគេ។