ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអៈអាងថា ការសិក្សាពេញមួយជីវិតគឺជាការបន្ថែមចំណេះដឹង គំនិត និងការអភិវឌ្ឍសមត្ថភាព ចំណេះដឹងជាប្រចាំ ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថល ហើយឆ្លើយតបទៅតាមតម្រូវការជាក់ស្តែង នៃសង្គមជាតិ និងការវិវឌ្ឍរបស់ពិភពលោក។
ការថ្លែងរបស់ឯកឧត្តម ចាយ បូរិន យ៉ាងដូច្នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបងៀនពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ រៀបចំដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងគរុ សិក្ខាកាមចូលរួមចំនួន៨៥រូប បាននិមន្ត និងអញ្ជើញមកពីគ្រប់បណ្តារាជធានី-ខេត្ត និងផ្នែកជំនាញចំណុះ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។
ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានបន្តថា ការអភិវឌ្ឍសមត្ថភាពចំណេះដឹងនេះទៀតសោត គឺស្របទៅតាមចតុស្តម្ភ និងការអប់រំ រួមមាន៖ រៀនដើម្បីចំណេះដឹង រៀនដើម្បីចំណេះធ្វើ រៀនដើម្បីមានសីលធម៌ និងរៀនដើម្បីចេះរស់នៅ ជាមួយគ្នាក្នុងសង្គម។ ដូច្នេះយើងទាំងអស់គ្នាចាំបាច់ត្រូវតែមានសមត្ថភាព ចំណេះ ជំនាញ និងគំនិតច្នៃប្រឌិត ដើម្បីអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ពុទ្ធិកសិក្សា គឺជាស្នូល ជាឫសគល់ ជាបេះដូង និងជាឆ្អឹងខ្នង របស់ព្រះពុទ្ធសាសនា បើគ្មានពុទ្ធិកសិក្សាទេ ព្រះពុទ្ធសាសនាក៏មិនអាចរឹងមាំល្អដែរ ថ្មីៗនេះ ដើម្បីយកទៅអភិវឌ្ឍវិស័យពុទ្ធិកសិក្សានៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានការរីកចម្រើនប្រកបដោយចីរភាពនិងស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គ្រូបងៀនពុទ្ធិកបឋមសិក្សា បានបង្ហាត់បង្រៀនការបន្ថែមចំណេះដឹង គំនិត និងការអភិវឌ្ឍសមត្ថភាព ចំណេះដឹងជាប្រចាំ ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថល។ វគ្គបណ្តុះបណ្តាល រយៈពេល៣ថ្ងៃនេះ គរុសិក្ខាកាមទាំងអស់នូវចំណេះដឹង និងជំរុញអោយខិតខំបន្ត និងអោយមានបន្ថែមទៀត ដើម្បីកសាងសមត្ថភាព ចំណេះ ជំនាញ និងគំនិតច្នៃប្រឌិត ដើម្បីអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព។
បើតាមរបាយការណ៍ពីព្រះពុទ្ធវង្ស សុខ សុភាព បានអោយដឹងថា ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូពុទ្ធិកបឋមសិក្សានេះមួយផ្នែក គឺបានទទួលការឧបត្ថម្ភពីរាជរដ្ឋាភិបាល និងមួយផ្នែកទៀតបានពីការឧបត្ថម្ភរបស់ សម្ដេចព្រះអគ្គាធិការ សម្តេចព្រះអគ្គាធិការរង និងសប្បុរសជនដទៃទៀត ដែលអាចធ្វើឱ្យការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហានេះ គរុសិក្ខាកាមទាំងអស់នូវចំណេះដឹងជាច្រើនមានដូចជា៖ វិធីសាស្ត្របង្រៀនភាសាបាលី ព្រះពុទ្ធសាសនា ភាសាខ្មែរ និងគណិតវិទ្យា ជាពិសេសរបៀបរៀបចំកិច្ចតែងការបង្រៀន។ នៅក្នុងដំណើរការនៃការបង្រៀនមុខវិជ្ជានីមួយៗ មានជាសំណួរ ចម្លើយ និងការចែករំលែកបទពិសោធន៍ ចំណេះដឹង ដោយបានលើកពីបញ្ហានៃការបង្រៀនជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន ព្រមទាំងមាន សំណួរដែលពាក់ព័ន្ធ នឹងប្រធានបទរបស់ព្រះគ្រូ និងលោកគ្រូឧទ្ទេសនីមួយៗ បានធ្វើបទបង្ហាញ និងមានការបកស្រាយនូវសំណួរទាំងនោះប្រកបដោយវិជ្ជាជីវៈខ្ពស់៕ អត្ថបទ៖ រដ្ឋា

















