ឥណ្ឌា ៖ ក្រសួងកិច្ចការបរទេសរបស់ប្រទេសឥណ្ឌា បានប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារ (ទី២៩ ខែសីហា)ថា ប្រទេសខ្លួន បានសម្រេចអនុញ្ញាតឲ្យមានការនាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរី។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសឥណ្ឌា និងសិង្ហបុរីរីករាយទទួលបាននូវភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ ដែលត្រូវបានកំណត់ដោយផលប្រយោជន៍រួម ទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធ និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជនដ៏រឹងមាំ។
អ្នកនាំពាក្យក្រសួង បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយមើលឃើញពីទំនាក់ទំនងដ៏ពិសេសនេះ ឥណ្ឌាបានសម្រេចអនុញ្ញាតឲ្យមានការនាំចេញអង្ករ ដើម្បីបំពេញតម្រូវការសន្តិសុខស្បៀងរបស់ប្រទេសសិង្ហបុរី។ បទបញ្ជាជាផ្លូវការ នឹងត្រូវបានចេញក្នុងពេលឆាប់ៗនេះ»។
គួរបញ្ជាក់ដែរថា កាលពីខែមុន ប្រទេសឥណ្ឌាបានធ្វើឲ្យអតិថិជនភ្ញាក់ផ្អើល ជាមួយនឹងការដាក់បម្រាមលើការនាំចេញអង្ករសមិនក្រអូប ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ បន្ទាប់ពីមានការហាមឃាត់ការនាំចេញអង្ករបាក់ កាលពីឆ្នាំមុន។
កាលពីខែកក្កដា ទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី (SFA) បានប្រាប់ថា សិង្ហបុរីកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរឥណ្ឌា ដើម្បីស្វែងរកការលើកលែងនូវការហាមឃាត់របស់ប្រទេសនេះលើការនាំចេញអង្ករមិនក្រអូប។ SFA បាននិយាយថា ប្រទេសឥណ្ឌាមានចំនួនប្រហែល ៤០ភាគរយនៃការនាំចូលអង្កររបស់សិង្ហបុរី ក្នុងឆ្នាំ២០២២ ខណៈដែលបានបន្ថែមថា ខ្លួននាំចូលអង្ករពីជាង ៣០ប្រទេស៕

