រុស្ស៊ី ៖ វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី៣០ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ការស៊ើបអង្កេត ចំពោះការធ្លាក់យន្តហោះ ដែលបានសម្លាប់មេដឹកនាំទាហានស៊ីឈ្នួល លោក Yevgeny Prigozhin នោះ បានរួមបញ្ចូលទាំងលទ្ធភាព ដែលថា ឧបទ្ទវហេតុនោះ កើតមានឡើងដោយចេតនា ខណៈនេះគឺជាការទទួលស្គាល់យ៉ាងច្បាស់លាស់លើកដំបូង ដែលយល់ថា មេដឹកនាំរូបនោះប្រហែលជាត្រូវបានធ្វើឃាត។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «វាច្បាស់ណាស់ថា របាយការណ៍ផ្សេងៗគ្នា កំពុងត្រូវបានពិចារណា ដោយក្នុងនោះរួមទាំងរបាយការណ៍ ពោលគឺអ្នកទាំងអស់គ្នាដឹងហើយថា យើងកំពុងនិយាយអំពីអ្វី សន្មតិថា នោះគឺអំពើឃោរឃៅដោយចេតនា។ រង់ចាំលទ្ធផលនៃការស៊ើបអង្កេតរុស្ស៊ីរបស់យើងទាំងអស់គ្នា»។
សូមបញ្ជាក់ថា យន្តហោះឯកជន Embraer ដែលលោក Prigozhin កំពុងធ្វើដំណើរទៅកាន់ទីក្រុង St Petersburg ពីទីក្រុងម៉ូស្គូ បានធ្លាក់នៅភាគខាងជើងក្រុងម៉ូស្គូ ដោយបានសម្លាប់មនុស្សទាំង ១០នាក់នៅលើយន្តហោះនោះ កាលពីថ្ងៃទី២៣ ខែសីហា ក្នុងនោះរួមមានទាំងឥស្សរជនជាន់ខ្ពស់របស់ក្រុមទាហានស៊ីឈ្នួល Wagner ២នាក់ អង្គរក្ស ៤នាក់របស់លោក Prigozhin និងនាវិក ៣នាក់។
មូលហេតុពិតប្រាកដ មិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែអ្នកភូមិនៅជិតកន្លែងកើតហេតុ បានប្រាប់ទីភ្នាក់ងារសារព័តមាន Reuters ថា ពួកគេបានឮសំឡេងផ្ទុះ ហើយបន្ទាប់មក បានឃើញយន្តហោះធ្លាក់មកដីតែម្ដង៕

