ចិន ៖ ក្រសួងការបរទេសចិន បានឲ្យដឹង នៅថ្ងៃពុធ (ទី៣០ ខែសីហា) នេះ ថានិយ័តកម្មរបស់ប្រទេសចិនស្តីពីការផ្អាកការនាំចូលនូវផលិតផលជលផលរបស់ប្រទេសជប៉ុនទាំងអស់ គឺគ្រប់យ៉ាងស្របច្បាប់ សមហេតុផល និងចាំបាច់។
គួរបញ្ជាក់ដែរថា ការិយាល័យរដ្ឋបាលគយរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ប្រទេសរបស់ខ្លួននឹងផ្អាកការនាំចូលផលិតផលជលផលទាំងអស់ រួមទាំងពពួកសត្វក្នុងទឹកអាចបរិភោគបាន ដែលមានប្រភពមកពីប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៤ ខែសីហា ដើម្បីការពារហានិភ័យពីការបង្ហូរចេញនូវទឹកដែលមានសារធាតុនុយក្លេអ៊ែររបស់ជប៉ុន។
អ្នកនាំពាក្យរបស់ក្រសួងលោក Wang Wenbin បានធ្វើការកត់សម្គាល់ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំង នៅពេលដែលត្រូវបានសួរឲ្យធ្វើអត្ថាធិប្បាយលើអ្វីដែលរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានអះអាងថា នឹងចាត់វិធានការលើការហាមឃាត់ផលិតផលជលផលរបស់ប្រទេសចិនតាមមធ្យោបាយនានា ក្នុងននោះរួមមានទាំងក្របខ័ណ្ឌ WTO ផងដែរ។
លោក Wang បានឲ្យដឹងថា៖ «ប្រទេសចិនបានបញ្ជាក់ម្តងហើយម្តងទៀតនូវជំហរឥតងាករេរបស់ខ្លួន ចំពោះបញ្ហាបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែររបស់ជប៉ុនទៅក្នុងសមុទ្រ។ សហគមន៍អន្តរជាតិ បានសម្តែងការរិះគន់គ្រប់ទិសទី និងចាត់វិធានការបង្ការពាក់ព័ន្ធនានា ដើម្បីឆ្លើយតបទៅនឹងទង្វើអាត្មានិយម និងគ្មានការទទួលខុសត្រូវបំផុតរបស់រដ្ឋាភិបាលជប៉ុន ក្នុងការចាប់ផ្តើមដោយបង្ខំបញ្ចេញនូវទឹកសំណល់សារធាតុនុយក្លេអ៊ែរទៅក្នុងមហាសមុទ្រ»។
លោកបានបន្ថែមថា៖ «យោងតាមច្បាប់ និងនិយ័តកម្មរបស់ចិន និងវិធានការពាក់ព័ន្ធនានានៃកិច្ចព្រមព្រៀងរបស់ WTO ស្តីពីការអនុវត្តវិធានការអនាម័យ និងភូតគាម អនាម័យគ្រប់យ៉ាង គឺស្របច្បាប់ សមហេតុផល និងចាំបាច់ សម្រាប់អាជ្ញាធរមានសមត្ថកិច្ចរបស់ចិន ដើម្បីចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងផលិតផលជលផល ដែលមានប្រភពមកពីប្រទេសជប៉ុន»៕

