ចិន ៖ ប្រទេសចិននៅថ្ងៃពុធនេះ បានទទូចឲ្យរក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីមានការចេញផ្សាយផែនទីថ្មីមួយ ដែលអះអាងសិទ្ធិលើដែនដីដែលឥណ្ឌា បាននិយាយថា ជាទឹកដីរបស់ខ្លួន និងបានធ្វើឲ្យមានការផ្ទុះកំហឹងចុងក្រោយនៅក្នុងទំនាក់ទំនងដ៏ផុយស្រួយរវាងមហាប្រទេសទាំងពីរនៅអាស៊ី។
រូបភាពដែលផ្សព្វផ្សាយដោយទូរទស្សន៍រដ្ឋចិនCCTV កាលពីថ្ងៃអង្គារ បានបង្ហាញមនុស្សជាច្រើននាក់ទៅកាន់កន្លែងសន្និសីទចេញផ្សព្វផ្សាយផែនទីនិងការដាក់តាំងបង្ហាញ នៅក្នុងរដ្ឋធានីរបស់ប្រទេសចិន។
សេចក្ដីរាយការនានានៅក្នុងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បាននិយាយថា ក្រុងប៉េកាំងបានចេញ
ផ្សាយផែនទីស្ដង់ដាផ្លូវការមួយ ដែលបង្ហាញថា រដ្ឋអារុនណាឆាល់ ប្រាដេស និងខ្ពង់រាប អាក់សៃជីនរបស់ឥណ្ឌា ជាដែនដីផ្លូវការរបស់ខ្លួន ដោយបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងពីក្រុងញូវដេលី។ កាលពីថ្ងៃអង្គារ រដ្ឋមន្រ្ដីកាបរទេសឥណ្ឌាលោក ស៊ូប្រាម៉ានីយ៉ាំ ចៃសាន់កា បានច្រានចោល ការអះអាងសិទ្ធិលើដែនដីនេះពីសំណាក់ប្រទេសចិន។
នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយក្នុងក្រុងប៉េកាំង នៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងកាបរទេសចិនលោក វ៉ាង វិនប៊ីន បានហៅការចេញផ្សាយផែនទីថ្មីនោះថា ជាការអនុវត្ដន៍តាមធម្មតាដោយអនុលោមតាមការប្រើប្រាស់សិទ្ធិអធិបតេយ្យភាពរបស់ចិន និងបានទទូចឲ្យរក្សាភាពស្ងប់ស្ងាត់ និងភាពមិនលម្អៀង។
ប្រទេសចិនបានអះអាងសិទ្ធិលើរដ្ឋ អារុនណាឆាល់ ប្រាដេស នៅក្នុងតំបន់ហិម៉ាឡៃខាងកើតថា ជាផ្នែកមួយនៃតំបន់ទីបេតិ៍ ភាគខាងត្បូង និងបានចេញផ្សាយផែនទីមួយ កាលពីខែមេសា ដោយបានដាក់ឈ្មោះថ្មីលើទីតាំង១១កន្លែង ដែលស្ថិតនៅក្នុងខេត្ដចាងណាន់ ឬជាភាសាចិនថាតំបន់ទីបេតិ៍ខាងត្បូង៕

