ប្រេស៊ីល៖ ក្រុមជនជាតិដើមមកពីទូទាំងប្រទេសប្រេស៊ីល បានតវ៉ាកាលពីថ្ងៃពុធ (៣០ សីហា) នៅទីក្រុង ប្រាស៊ីលីយ៉ា ដើម្បីប្រឆាំងនឹងច្បាប់ ដែលគំរាមកំហែងដល់ដីធ្លីដូនតារបស់ពួកគេ។
ជនជាតិដើមភាគតិចរាប់រយនាក់បានដើរដង្ហែក្បួន និងប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការកំពូលរបស់ប្រទេសប្រេស៊ីល ដើម្បីមើលការចាប់ផ្តើមឡើងវិញនៃកិច្ចពិភាក្សាស្តីពីការបោះបង្គោលព្រំដីជនជាតិដើមភាគតិច។
ច្បាប់ដែលបានស្នើឡើងនោះ នឹងកំណត់កាលបរិច្ឆេទកាត់ផ្តាច់សម្រាប់ការទាមទារដីដូនតាក្នុងឆ្នាំ១៩៨៨ ជាឆ្នាំដែលរដ្ឋធម្មនុញ្ញរបស់ប្រទេសប្រេស៊ីលបច្ចុប្បន្នត្រូវបានអនុម័ត។
សហគមន៍ជនជាតិដើមភាគតិចណាដែលមិនបានកាន់កាប់ដីរបស់ពួកគេនៅកាលបរិច្ឆេទនោះ នឹងមិនអនុញ្ញាតឱ្យធ្វើការទាមទារនោះទេ នេះបើយោងតាមច្បាប់ដែលបានស្នើឡើង។
ក្រុមសកម្មជនជនជាតិដើមភាគតិច ច្រានចោលសេចក្ដីស្នើច្បាប់នេះ ដោយលើកហេតុផលថាជនជាតិដើមភាគតិចជាច្រើនត្រូវបានបណ្ដេញចេញពីទឹកដីដូនតារបស់ពួកគេជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងរបបផ្តាច់ការយោធា៕

