ឈីលី៖ ខណៈដែលប្រទេសឈីលីត្រៀមខ្លួនដើម្បីប្រារព្ធខួប៥០ឆ្នាំ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ១៩៧៣ ប្រឆាំងនឹងអតីតប្រធានាធិបតីឈីលី លោក Salvador Allende នោះ ប្រជាជនក្នុងប្រទេសនេះកំពុងចោទសួរកាន់តែខ្លាំងឡើង អំពីមនុស្សរាប់ពាន់នាក់ដែលបានបាត់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃរបបផ្តាច់ការយោធាបន្ទាប់មកនោះថា «តើអ្នកបាត់ខ្លួនទាំងនោះនៅឯណា?»
ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងបង្កើនប្រតិបត្តិការស្វែងរក តាមរយៈផែនការស្វែងរកថ្នាក់ជាតិ បានចាប់ផ្តើមកាលពីថ្ងៃពុធ (៣០ សីហា) ដោយលោកប្រធានាធិបតីឈីលី Gabriel Boric ដើម្បីបង្រួបបង្រួមសំណុំរឿង និងការស៊ើបអង្កេតដោយសង្ឃឹមថានឹងរកឃើញតម្រុយថ្មីៗអំពីការបាត់ខ្លួនទាំងនោះ។
ក្នុងអំឡុងពេលរបបផ្តាច់ការរយៈពេល១៧ឆ្នាំដ៏បង្ហូរឈាមរបស់លោកឧត្តមសេនីយ Augusto Pinochet មនុស្សប្រហែល៤០.១៧៥នាក់ត្រូវបានប្រហារជីវិត ចាប់ឃុំខ្លួន និងបាត់ខ្លួន ឬធ្វើទារុណកម្មក្នុងនាមជាអ្នកទោសនយោបាយ នេះបើយោងតាមក្រសួងយុត្តិធម៌ដោយផ្អែកលើការស្វែងរកការពិតដោយបណ្ដាគណៈកម្មការផ្សេងៗ។
មានមនុស្សចំនួន១.៤៦៩នាក់ ដែលជាជនរងគ្រោះនៃការបាត់ខ្លួនដោយបង្ខំ ដែលក្នុងនោះមនុស្ស១.០៩២នាក់ត្រូវបានឃុំខ្លួន និងបាត់ខ្លួន ខណៈដែលមនុស្ស៣៧៧នាក់ទៀត ត្រូវបានប្រហារជីវិត ហើយសាកសពរបស់ពួកគេមិនត្រូវបានប្រគល់ត្រលប់មកវិញនោះទេ៕

