កីឡាករប្រណាំងកង់អូស្រ្តាលី Kaden Groves បានបន្តឈ្នះពីរដំណាក់កាលជាប់គ្នា បន្ទាប់ពីឈ្នះដំណាក់កាលទី ៥ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Vuelta a Espana តែមិនអាចក្លាយជាអ្នកនាំមុខក្នុងតារាងរួមបានឡើយ។
ដំណាក់កាលទី ៥ ដែលមានចំងាយផ្លូវ ១៨៦.៥ គីឡូម៉ែត្រ បានបញ្ចប់ដោយមានការប្រកួតប្រជែងគ្នាខ្លាំងនៅចំនុចចុងក្រោយ តែកីឡាកររបស់ក្រុម Alpecin-Deceuninck រូបនេះអាចរក្សាការនាំមុខរបស់ខ្លួនបានដោយមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ២៣ នាទី ៤៣ វិនាទី តាមពីក្រោយដោយកីឡាករអ៊ីតាលី Filippo Ganna របស់ក្រុម Ineos Grenadiers និងលេខ ៣ កីឡាករប៊ែលហ្ស៊ិក Dries Van Gestel។

យ៉ាងណាក្តីក្រោយ ៥ ដំណាក់កាលនេះ អ្នកការពារតំណែងជើងឯកសញ្ជាតិប៊ែលហ្ស៊ិក Remco Evenepoel ជិះឱ្យក្រុម Soudal-Quick-Step នៅតែបន្តនាំមុខគេដដែលក្នុងតារាងពេលវេលារួមតាមពីក្រោយដោយកីឡាករអេស្ប៉ាញ Enric Mas ដដែលយឺតជាង ១១ វិនាទី និងលេខ ៣ កីឡាករបារាំង Lenny Martinez ដដែលយឺតជាង ១៧ វិនាទី។
សម្រាប់ដំណាក់កាលទី ៦ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៨១.៣ គីឡូម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ
