អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ បានថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងអាឡិបប៉ូរបស់ប្រទេសស៊ីរី ដោយនិយាយថា ការវាយប្រហារបែបនេះ នឹងប្រឈមមុខនឹងការសងសឹកជាយថាហេតុ។
លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) បានធ្វើការអត្ថាធិប្បាយរបស់លោកក្នុងអំឡុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីដាម៉ាស(Damascus) ប្រទេសស៊ីរី ជាទីដែលលោកកំពុងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ។
កាលពីថ្ងៃចន្ទ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្វើឲ្យខូចខាតដល់អាកាសយានដ្ឋានក្រុងអាឡិបប៉ូ (Aleppo) ដោយធ្វើឲ្យផ្លូវយន្តហោះរត់មិនដំណើរការ។ អាកាសយានដ្ឋាននេះ ត្រូវបានកំណត់គោលដៅជាច្រើនលើកក្នុងឆ្នាំនេះ រួមទាំងការវាយប្រហារចំនួនពីរកាលពីខែមីនា ដែលបានធ្វើឲ្យវាមិនអាចដំណើរការផងដែរ។
អ៊ីស្រាអែលបានធ្វើការវាយប្រហាររាប់រយលើកទៅលើគោលដៅ នៅក្នុងផ្នែកនានាដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែប្រទេសនេះ កម្រនឹងទទួលស្គាល់ ឬពិភាក្សាអំពីប្រតិបត្តិការនេះ។ ជាញឹកញាប់ ការវាយប្រហារសំដៅទៅលើកងកម្លាំងយោធាស៊ីរី ឬក្រុមដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់៕

