ភ្នំពេញ៖ ក្រោយការឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ បានផ្តើមយុទ្ធនាការចុះពិនិត្យកន្លែងធ្វើការងារនៅតាមរោងចក្រ ចុះហូបបាយជាមួយកម្មករដល់រោងចក្រ និងចុះពិនិត្យការរស់របស់កម្មករដល់កន្លែងស្នាក់នៅផ្ទាល់។
ជាក់ស្នែងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រីបានចុះត្រួតពិនិត្យមើលកម្មករដែលកំពុងធ្វើការនៅរោងចក្រម៉េងដានៅផ្លូវវ៉េងស្រេង និងកន្លែងស្នាក់នៅរបស់កម្មករនៅតំបន់ផ្ទះជួលម្តុំរោងចក្រដំបូលខៀវ ក្នុងសង្កាត់ចោមចៅ ហើយមួយថ្ងៃក្រោយ ឯកឧត្តមរដ្ឋមន្ត្រីដដែលក៏បានចុះពិនិត្យស្ថានភាពរស់នៅរបស់កម្មករក្រោយម៉ោងធ្វើការនៅម្តុំផ្សារសាំហាន់ក្នុង ខណ្ឌឬស្សីកែវផងដែរ។
ជាមួយកាយវិការបែបនេះ កម្មករសំដែងសេចក្តីត្រេកអរនៅពេលដែលឃើញរដ្ឋមន្ត្រីក្រសួងការងារដែលជាអាណាព្យាបាល បានចុះពិនិត្យផ្ទាល់ដល់ទីតាំងនៃកន្លែងធ្វើការ ទីតាំងហូបអាហារ និងកន្លែងស្នាក់នៅផ្ទាល់។
កម្មការិនី គល់ យ៉ា កម្មការិនី នៅរោងចក្រ ម៉េង ដា អះអាងថាខ្លួនរំភើបព្រោះមានថ្នាក់ដឹកនាំរបស់ក្រសួងមកទទួលទានអាហារបែបកម្មករ និងស្វែងយល់ពីជីវភាពពិតប្រាកដរបស់កម្មករ។
លោកស្រីថា៖ “ខ្ញុំសប្បាយចិត្តជាខ្លាំងដោយបានរដ្ឋមន្ត្រីក្រសួងការងារចុះមកពិនិត្យ និងហូបបាយផ្ទាល់ជាមួយយើងខ្ញុំដែលជាម្ហូបអាហារបែបកម្មករ ហើយក៏អរគុណដល់លោកដែលមកស្វែងយល់ពីជីវភាពកម្មករ មកមើលដល់បន្ទប់ និងបានសាកសួរពីការតទឹក តភ្លើងរបស់រដ្ឋនិងតម្លៃរដ្ឋ”។
ទន្ទឹមនឹងនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករនៅថ្ងៃទី៣០ ខែសីហានេះលើកឡើងថា ការចុះត្រួតពិនិត្យមើលជីវភាព និងស្ថានភាពការងារជាក់ស្តែងរបស់កម្មករទាំងនៅក្នុងរោងចក្រ និងនៅសន្លែងហូប អាហារ និងផ្ទះជួល បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋមន្ត្រីក្រសួងការងារចំពោះកម្មករក្នុងនាមជាអាណាព្យាបាល ហើយលោកក៏មានចិត្តត្រេកអរចំពោះកាយវិការដ៏សាមញ្ញរបស់រដ្ឋមន្ត្រីថ្មីរូបនេះផងដែរ។
សម្រាប់ប្រធានសម្ព័ន្ធសហជីពរូបនេះ ការចុះពិនិត្យតាំងពីដំបូងដៃយ៉ាងដូច្នេះនឹងធ្វើឱ្យរដ្ឋមន្ត្រីថ្មីនឹងក្តាប់បាននូវបញ្ហាប្រឈមជាក់ស្តែងដែលកម្មករបានជួបប្រទះដោយពិតប្រាកដ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការចុះត្រួតពិនិត្យផ្ទាល់ដល់រោងចក្រ និងកន្លែងស្នាក់នៅនេះ គឺដើម្បីស្វែងយល់ពីការអនុវត្តអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំឱ្យតបណ្តាញទឹក ភ្លើងរបស់រដ្ឋជូនកម្មករគ្រប់កន្លែងស្នាក់នៅដោយតម្លៃរបស់រដ្ឋផ្ទាល់ ហើយក៏តាមដានមើលពីលក្ខខណ្ឌការងារដែលរោងចក្របានអនុវត្តចំពោះកម្មករដែលមានចែងក្នុងច្បាប់៕





