អាមេរិក៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយរ៉ូម៉ានី និងម៉ុលដាវី ដើម្បីបង្កើនការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមរយៈទន្លេដានូបេ (Danube) ខណៈដែលខ្លួនស្វែងរកផ្លូវជំនួសសម្រាប់ការនាំចេញ បន្ទាប់ពីប្រទេសរុស្ស៊ី បានដកខ្លួនចេញពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។
មន្ត្រីដែលថ្លែងក្នុងលក្ខខណ្ឌអនាមិក បានប្រាប់អ្នកសារព័ត៌មានថា៖«យើងកំពុងស្វែងរកការគាំទ្រផ្លូវជំនួសដែលលេចធ្លោជាងគេ គឺផ្លូវទន្លេដានូប។ ផ្លូវនោះ...ស្ថិតនៅក្នុងដែនទឹករបស់អង្គការណាតូ។ ដូច្នេះវាគឺជាផ្លូវមួយដែលទាក់ទាញណាស់សម្រាប់យើង ដោយសារផ្លូវនេះត្រូវរក្សាទុកច្រករបៀងដែលមានសុវត្ថិភាពជាងគេ។
មន្ត្រីរូបនេះ បានបន្តថា៖«ផ្លូវនោះអាចនាំមកនូវចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ យើងនឹងព្យាយាមបង្កើនចំនួនដឹកជញ្ជូនទ្វេដង»។
មន្ត្រីដដែល បាននិយាយថា នឹងមានកិច្ចប្រជុំមួយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាមួយជនជាតិរ៉ូម៉ានី និងម៉ុលដាវី ដើម្បីពិភាក្សាអំពីរបៀបពង្រីកផ្លូវទន្លេដានូបឲ្យកាន់តែទូលំទូលាយ៕


