បាល់ទាត់៖ ផ្លូវការហើយ សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ បានបញ្ជាក់នៅថ្ងៃអង្គារម្សិលមិញថា លោក Hansi Flick នឹងក្លាយជាអ្នកចាត់ការក្រុមជំរើសជាតិអាល្លឺម៉ង់ ក្រោយបញ្ចប់ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប Euro ២០២០ ខាងមុខនេះបន្តតំណែងពីលោក Joachim Low។
កាលពីខែមុនលោក Hansi Flick បាននិយាយថា លោកនឹងចាកចេញពី Bayern Munich ក្រោយចប់រដូវកាលនេះ ហើយក្លិបក៏បានរៀបចំពិធីលាបុរសវ័យ ៥៦ឆ្នាំរូបនេះផងដែរអំឡុងពេល Bayern Munich អបអរលើកពានជើងឯក Bundesliga អាល្លឺម៉ង់ ៩រដូវកាលជាប់គ្នាកាលពីចុងសប្តាហ៍កន្លងទៅ។ នៅពេលនេះសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ DFB បានបញ្ចប់ពាក្យចចាមអារ៉ាមមិនច្បាស់នេះទៀតហើយដោយលោក Hansi Flick ចុះហត្ថលេខាដឹកនាំក្រុមជើងឯកពិភពលោក ៤សម័យអាល្លឺម៉ង់រហូតដល់ឆ្នាំ២០២៤។ ការសំរេចចាកចេញពី Bayern Munich របស់លោក Hansi Flick កើតឡើងបន្ទាប់ពី Bayern Munich ធ្លាក់ពី UEFA Champions League ត្រឹមវគ្គ ៨ក្រុមចុងក្រោយក្រោមស្នាដៃក្រុមបារាំង Paris Saint Germain។
លោក Hansi Flick បានកាន់តំណែងនៅឆ្នាំ២០១៩ ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នបន្តពីលោក Niko Kovac ដែលត្រូវបានបណ្តេញចេញ មុននឹងទទួលបានកុងត្រាជាគ្រូបង្គោលផ្លូវការដល់ឆ្នាំ២០២៣។ ក្នុងការដឹកនាំ Bayern Munich ត្រឹមរយៈពេលខ្លីប៉ុណ្ណោះរដូវកាលដំបូងនោះលោក Hansi Flick បានជួយក្រុមឈ្នះជើងឯក Bundesliga និង German Cup។ រដូវកាលបន្ទាប់ពីលោក Hansi Flick បានជួយ Bayern Munich ឈ្នះជើងឯក Bundesliga ម្តងទៀត និងឈ្នះជើងឯក UEFA Champions League រដូវកាលមុន។ Hansi Flick ដឹកនាំ Bayern Munich ឈ្នះដល់ទៅ ៨៣% ក្នុងចំណោមការប្រកួតសរុប ៨៦ប្រកួតឈ្នះ ៧០ ស្មើ ៩ ចាញ់តែ ៧ប្រកួតប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ