ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ និង១១ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រោងនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត។
នៅក្នុងបណ្តាញសង្គម នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឲ្យដឹងថា ពិព័រណ៍ការងារថ្នាក់ជាតិដ៏ធំនេះ នឹងអាចទាក់ទាញ និងកៀរគរអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ និងនំាមកនូវក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលល្បីឈ្មោះ អង្គការជាតិ-អន្ដរជាតិ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋាភិបាល ចូលរួមដាក់តាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ២ម៉ឺនកន្លែង ដែលនឹងចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម មគ្គទេសក៍ និងបទពិសោធន៍សម្រាប់ឈានចូលទីផ្សារការងារព្រមទាំងឱកាសបណ្តុះបណ្តាលជំនាញ។
កម្មវិធីនេះ ក៏នឹងមានរួមបញ្ចូលនូវសិក្ខាសាលាស្តីពី ផលិតភាពថ្នាក់ជាតិក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងបំផុសគំនិតទាក់ទងនឹងផលិតភាព តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃការបង្កើនផលិតភាពការងារ។
គិតចាប់តាំងពីឆ្នាំ២០១១មក ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំពិព័រណ៍ការងារថ្នាក់ជាតិដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួនចំនួន ១២លើករួចមកហើយ ប្រកបដោយភាពជោគជ័យ និងផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងដល់ការអភិវឌ្ឍទីផ្សារការងារកម្ពុជា។ ជាការរំពឹងទុក ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នឹងមានក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ១៥០ ដោយនាំយកឱកាសការងារប្រមាណជាងប្រមាណ ២ម៉ឺនកន្លែង ហើយនឹងទាក់ទាញ អ្នកចូលរួមទស្សនាប្រមាណ ៣ម៉ឺននាក់៕



