ទីបំផុតការផ្លាស់របស់ខ្សែបម្រើព័រទុយហ្កាល់ Matheus Nunes ជិតចេញជារូបរាងហើយក្រោយ Manchester City ព្រមព្រៀងតម្លៃផ្ទេរ ៤៧.៣ លានផោនជាមួយ Wolverhampton។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានបដិសេធមិនធ្វើការហ្វឹកហាត់ជាមួយ Wolves ឡើយបន្ទាប់ពី Man City ដាក់សំណើមកកាន់ Wolves កាលពីសប្តាហ៍តែត្រូវបានបដិសេធក្នុងតម្លៃ ៤៧ លានផោននេះ ខណៈ Wolves ទាមទាដល់ទៅ ៦០ លានផោន។
យ៉ាងណាក្តីការចរចារវាងភាគីទាំងពីរ ការផ្ទេរអតីតខ្សែបម្រើ Sporting Lisbon នេះមិនលើសពី ៤៧ លានផោននេះឡើយ ហើយក៏គ្មានលក្ខខណ្ឌប្រាក់បន្ថែមអ្វីដែរ។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះទើបមកដល់ Wolves ពី Sporting Lisbon រដូវកាលមុនក្នុងតម្លៃផ្ទេរ ៣៨ លានផោនថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តក្លិប និងបានចុះហត្ថលេខារយៈពេល ៥ ឆ្នាំ។
Man City កំពុងរកអ្នកបំពេញចំនុចខ្វះខាតនៅតំបន់បម្រើកណ្តាល បន្ទាប់ពីកីឡាករនាំលេងប៊ែលហ្ស៊ិក Kevin de Bruyne មានរបួសត្រូវសម្រាកយ៉ាងហោចណាស់ ៤ ខែ។
City ថែមទាំងចាប់អារម្មណ៍ខ្សែបម្រើស្លាប Crystal Palace ផងដែរគឺកីឡាករវ័យ ២៥ ឆ្នាំ Eberechi Eze ដែលទើបបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអង់គ្លេសលើកដំបូងកាលពីខែមិថុនា។
សម្រាប់ Wolverhampton រដូវក្តៅនេះបានលក់ចេញប្រធានក្រុម Ruben Neves ទៅ Al-Hilal តម្លៃ ៤៧ លានផោន និងខ្សែប្រយុទ្ធ Raul Jimenez ទៅកាន់ Fulham តម្លៃ ៥ លានផោន៕ អត្ថបទ៖នាង សុភាវុធ
