ភ្នំពេញ៖ នៅពេលនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសផ្លាស់ប្តូរ និងប្រើប្រាស់លេខទូរសព្ទ១២៨៩ ដើម្បីឲ្យកសិករនានា ទូរសព្ទហៅសួរ ទៅមន្ត្រីជំនាញកសិកម្ម ជួយដោះស្រាយផ្នែកបច្ចេកទេសកសិកម្ម ការផ្តល់ប្រឹក្សារបៀបដាំដំណាំ និងការចិញ្ចឹមសត្វជាដើម។
លោក ម៉ៅ មីនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម បានប្រាប់BTV នៅថ្ងៃទី៣១ ខែសីហានេះថា នៅពេលនេះ ក្រសួងកសិកម្ម បានសម្រេចផ្លាស់ប្តូរប្រព័ន្ធលេខទូរសព្ទពីលេខ ១៨០០ ២០១៥ ៦៨ មកប្រើប្រាស់ ប្រព័ន្ធលេខទូរសព្ទ ១២៨៩ វិញ ដើម្បីឲ្យប្រជាកសិករ ងាយស្រួលចងចាំ និងអាចខលហៅសួរមន្ត្រីជំនាញកសិកម្ម ដោយមិនគិតថ្លៃសេវាទូរសព្ទ អំពីការផ្តល់ដោះស្រាយ និងការផ្តល់ប្រឹក្សាយោបល់ជូនកសិករ លើផ្នែកបច្ចេកទេសកសិកម្ម និងទីផ្សារកសិផលជាដើម។
លោក ម៉ៅ មីនា ថ្លែងថា ចំពោះទូរសព្ទលេខ ១២៨៩ ថ្មីនេះ គឺគ្រប់កសិករអាចខលហៅសួរ មន្ត្រីជំនាញកសិកម្មដោយផ្ទាល់ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ និងចាប់ពីម៉ោង ៨:៣០ព្រឹក រហូតម៉ោង ១១:៣០ថ្ងៃត្រង់ ហើយរសៀលចាប់ពីម៉ោង១:៣០នាទី ដល់ម៉ោង៤ល្ងាច។
បណ្តាកសិករ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងការពេញចិត្តជាខ្លាំងចំពោះ ការប្រកាសប្រើប្រាស់លេខទូរសព្ទងាយស្រួលចងចាំ និងខលហៅសួរ ទាក់ទងបច្ចេកទេសកសិកម្មដោយមិនគិតថ្លៃសេវាទូរសព្ទ។
សូមបញ្ជាក់ថា ទន្ទឹមនឹងការប្រើប្រាស់ប្រព័ន្ធលេខទូរសព្ទបួនលេខ ដើម្បីបម្រើសេវាអតិថិជន និងកសិករនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានរៀបចំមន្ត្រីជំនាញកសិកម្ម នៅតាមខេត្តប្រមាណជាង១០០នាក់ ដែលក្នុងមួយខេត្ត មានមន្ត្រី៤រូប រង់ចាំចុះជួបកសិករដោយផ្ទាល់ផងដែរ ប្រសិនបើនៅពេលកសិករ ខលហៅសួរនោះ មានតម្រូវការ និងស្នើសុំមន្ត្រីជំនាញកសិកម្ម ចុះទៅជួប និងពិនិត្យស្ថានភាពកសិកម្មដោយផ្ទាល់ នៅតាមមូលដ្ឋានកសិករ៕អត្ថបទ ស៊ុម សុខជា