ភ្នំពេញ៖ កម្ពុជាកំពុងមានឱកាសក្នុងការវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការផលិត និងកែច្នៃចំណីអាហារពីកសិកម្ម សម្រាប់បម្រើទីផ្សារក្នុងស្រុក ឬនាំចេញ ខណៈពិភពលោកកំពុងមានវិបត្តិជួបប្រទះបញ្ហាកង្វះខាតស្បៀង។
លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និងជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្នុងស្រុកមួយ ដែលស្រូបយកផលិតផលក្នុងវិស័យកសិកម្មសម្រាប់កែច្នៃ និងវេចខ្ចប់ បានលើកឡើងថា ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសក្តានុពលលើវិស័យកសិកម្ម ដោយកម្ពុជាមិនមានការបង្ករដោយគ្រោះធម្មជាតិណាមួយឡើយ ក្នុងនោះឱកាសវិនិយោគទៅលើការដាំដុះវិស័យកសិកម្ម កសិឧស្សាហកម្ម គឺកម្ពុជាមានឱកាសច្រើន។ ជាក់ស្តែងក្នុងមួយឆ្នាំៗកម្ពុជាបាននាំចេញអង្កររាប់សែនតោន ក្នុងនោះការដាំដុះ និងនាំចេញស្វាយចន្ទី ម្រេច កំពុងមានកំណើនល្អប្រសើរ និងនៅមានកសិផលចេញពីវិស័យកសិកម្មផ្សេងៗជាច្រើនទៀត ដែលកំពុងធ្វើឲ្យកម្ពុជាមានមោទនភាពនៃការនាំចេញលើវិស័យនេះ។
លោកជំទាវ បន្តថា ចំពោះការវិនិយោគ ផលិត និងការកែច្នៃ ដែលយកវត្ថុធាតុដើមពីវិស័យកសិកម្ម គឺកម្ពុជាកំពុងដំណើរការ តែមិនទាន់មានទ្រង់ទ្រាយធំនៅឡើយ ដូច្នេះអ្នកដែលមានលទ្ធភាព សមត្ថភាព គួរពិចារណាធ្វើការវិនិយោគលើវិស័យកសិកម្ម និងការបង្កើតសហគ្រាសផលិត និងកែច្នៃឲ្យបានច្រើនថែមទៀត ដើម្បីរកផលចំណេញសម្រាប់ខ្លួនឯងផង និងសម្រាប់ជំរុញការផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក និងក្រៅស្រុកផង ខណៈពិភពលោកកំពុងជួបប្រទះលើបញ្ហាកង្វះខាតស្បៀង។
របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា បណ្តារដ្ឋាភិបាលលើសកលលោក ទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ បានកំពុងបង្កើនការយកចិត្តទុកដាក់ ក្នុងការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ជាពិសេសលើទំនិញយុទ្ធសាស្ត្រ សំដៅបញ្ចៀសនូវហានិភ័យនានាដូចជា អសន្តិសុខស្បៀង និងអសន្តិសុខថា មពលជាដើម តាមរយៈការបង្កើនធនធាន និងកែសម្រួលគោលនយោបាយ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ ។
វិស័យកសិកម្ម បានព្យាករថា និងមានកំណើន ០,៩% ក្នុងឆ្នាំ ២០២៣ និង ១,១% នៅក្នុងឆ្នាំ ២០២៤ ដោយគាំទ្រដោយអនុវិស័យដំណំា និងអនុវិស័យចិញ្ចឹមសត្វ ស្របពេលអនុវិស័យនេសាទ រំពឹងនឹងងើបឡើងសន្សឹមៗ ខណៈការផលិត និងកៃច្នៃពីវិស័យកសិកម្ម កម្ពុជាកំពុងស្រូបយកក្រុមហ៊ុនធំៗ មកវិនិយោគលើវិស័យនេះជាបណ្តើរៗផងដែរ ៕
អត្ថបទ៖ សុន រ៉ាឌី