កណ្ដាល៖ ដោយមានការជួយសម្របសម្រួលពីសមាគមន៍សម្ព័ន្ធយុវជនមូស្លីមកម្ពុជា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ និងមកពីប្រទេសម៉ាឡេស៊ី ចំនួនជាង៤០នាក់ បានចុះជួយអប់រំផ្សព្វផ្សាយ អំពីការថែទាំសុខភាព ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ រួមទាំងបានផ្ដល់នូវសម្ភារមួយចំនួនដល់កុមារផងដែរ ។
នៅក្នុងពិធីផ្សព្វផ្សាយអប់រំពីសុខភាព ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ នៅថ្ងៃទី៣១ ខែសីហា នេះ ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមន៍សម្ព័ន្ធយុវជនមុស្លីមកម្ពុជា បានលើកឡើងថា ការអប់រំអំពីបញ្ហាសុខភាព គឺធ្វើយ៉ាងណាឲ្យពលរដ្ឋចេះអនាម័យ រស់នៅស្អាត ដើម្បីឲ្យមានសុខភាពល្អ ហើយសកម្មភាពអប់រំផ្សព្វផ្សាយនេះ តែងតែធ្វើរឿយៗ នៅទូទាំងប្រទេស ។
ឯកឧត្តម បានបន្តថា ចំពោះសកម្មភាពចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យសុខាភិបាលនេះ ក្រៅពីការអប់រំផ្សព្វផ្សាយ ក៏មានការចុះជួយពិនិត្យព្យាបាលជំងឺ ដោយស្ម័គ្រចិត្ត ដល់ពលរដ្ឋ នៅតាមសហគមន៍ ជាមួយនឹងការផ្ដល់នូវសម្ភារៈ ឬថ្នាំព្យាបាលជំងឺ ហើយឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ឱកាសដល់សាសនិកឥស្លាមនៅកម្ពុជា និងមកពីក្រៅប្រទេសបាន ចូលរួមសកម្មភាពមនុស្សធម៌ ដោយគ្មានការរើសអើង ។
តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃប្រទេសម៉ាឡេស៊ី បានលើកឡើងថា ពួកគេពិតជាសប្បាយចិត្ត ក្នុងការចូលរួមលើវិស័យសុខុមាលភាពនៅក្នុងប្រទេសកម្ពុជា និងអរគុណផងដែរដល់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការសម្របសម្រួលលើការងារអប់រំសុខភាពនេះ បានប្រព្រឹត្តិទៅដោយរលូន ។
គួរបញ្ជាក់ថា នៅថ្ងៃស្អែក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ និងម៉ាឡេស៊ី នឹង បន្តទៅអប់រំផ្សព្វផ្សាយ អំពីការថែទាំសុខភាព ដល់ប្រជាពលរដ្ឋ នៅស្រុកបុរីជលសា ខេត្តតាកែវ ផងដែរ៕អត្ថបទ៖ បាន សុខរិទ្ធិ