កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (៣១សីហា) នេះថា ប្រទេសកូរ៉េខាងជើងបានធ្វើការវាយប្រហារនុយក្លេអ៊ែរនិមិត្ត «កម្ទេចឲ្យក្លាយជាគំនរផះផង់» លើគោលដៅនានាទូទាំងប្រទេសកូរ៉េខាងត្បូង ជាប្រតិកម្មតបទៅនឹងសមយុទ្ធសម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង ដែលខ្លួនបាននិយាយថា ស្មើនឹងផែនការសម្រាប់ការវាយប្រហារនុយក្លេអ៊ែរជាមុនដោយសហរដ្ឋអាមេរិក។
អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េខាងជើង (KPA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន KCNA ថា អង្គភាពមីស៊ីលបានបាញ់មីស៊ីលបាលិស្ទិកចំនួនពីរគ្រាប់ និងអនុវត្តយ៉ាងត្រឹមត្រូវនូវ «បេសកកម្មវាយប្រហារនុយក្លេអ៊ែរ» របស់ខ្លួន។
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1B សម្រាប់សមយុទ្ធដែនអាកាសសម្ព័ន្ធមិត្តនោះ។ ការបាញ់បង្ហោះចុងក្រោយនេះបានកើតឡើងមួយថ្ងៃ មុនពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបញ្ចប់សមយុទ្ធយោធារួមគ្នារយៈពេល១១ថ្ងៃរបស់ខ្លួន ដែលទីក្រុងព្យុងយ៉ាងបានរិះគន់ជាយូរមកហើយថា ជាលំហាត់សមសង្គ្រាម។
ទីភ្នាក់ងារ KCNA រាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ បានសង្កេតឃើញផ្នែកនៃសមយុទ្ធដែលពាក់ព័ន្ធនឹងក្រុមមន្ត្រីបញ្ជាការ ព្រមទាំងផ្នែកបុគ្គលិកនៃកងទ័ពទាំងមូល ក្នុងគោលបំណងរៀបចំពួកគេសម្រាប់សង្រ្គាមទាំងស្រុងជាមួយកូរ៉េខាងត្បូង។ របាយការណ៍នោះបាននិយាយថា សមយុទ្ធនេះបាននិមិត្តទប់ទល់នឹងការឈ្លានពានភ្លាមៗ បន្ទាប់មកចាប់ផ្តើមការវាយប្រហារតបតដើម្បីកាន់កាប់ «ទឹកដីទាំងមូលនៃតំបន់ពាក់កណ្តាលភាគខាងត្បូង»។
ជាមួយគ្នានេះដែរ ជប៉ុន បានតវ៉ាជុំវិញបញ្ហានេះ ចំណែកឯសហរដ្ឋអាមេរិក បានថ្កោលទោសកូរ៉េខាងជើងចំពោះការបាញ់មីស៊ីលបាលិស្ទិកចំនួន២គ្រាប់នេះ ដោយសារតែវាបំពានសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

