ហៃទី៖ កាលពីថ្ងៃពុធ (៣០សីហា) ស្ថានទូតអាមេរិកក្នុងប្រទេសហៃទី បានជំរុញឱ្យពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ ចាកចេញ «ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន» ដោយលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ ដោយសារកំណើននៃអំពើហិង្សា បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ផ្លាស់ប្ដូរទីលំនៅ និងបញ្ហាមនុស្សឃាតកើនឡើងយ៉ាងខ្លាំង។
ស្ថានទូតនវបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ពលរដ្ឋអាមេរិកនៅក្នុងប្រទេសហៃទី គួរតែចាកចេញពីប្រទេសហៃទីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន តាមរយៈការដឹកជញ្ជូនពាណិជ្ជកម្ម ឬឯកជន» ដោយជំរុញឱ្យមានការប្រុងប្រយ័ត្នបំផុត។
សង្គ្រាមក្រុមជនអន្ធពាលដែលកំពុងកើនឡើងនៅក្នុងប្រទេសហៃទី បានបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ដ៏បំផ្លិចបំផ្លាញ ដែលបានជម្លៀសប្រជាជនប្រហែល២០០.០០០នាក់នៅទូទាំងប្រទេស ហើយបានធ្វើឱ្យមនុស្សប្រហែល៥.២លាននាក់ ដែលជាចំនួនជិតពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសហៃទី ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមអង្គការសហប្រជាជាតិ។
កាលពីដើមខែនេះ ស្ថានទូតអាមេរិកក្នុងរដ្ឋធានី Port-au-Prince បានបិទជាបណ្តោះអាសន្ន ដោយសារតែមានការបាញ់កាំភ្លើងនៅក្នុងបរិវេណនោះផងដែរ៕


