អាមេរិក៖ សហរដ្ឋអាមេរិក បានពង្រីកការរឹតបន្តឹងលើការនាំចេញបន្ទះឈីបបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតAI ពីក្រុមហ៊ុន Nvidia និងក្រុមហ៊ុនបច្ចេកវិទ្យា AMD លើសពីប្រទេសចិនទៅកាន់តំបន់ផ្សេងៗទៀត រួមទាំងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាផងដែរ។
ក្រុមហ៊ុន Nvidia បាននិយាយនៅក្នុងឯកសារនិយ័តកម្មនៅសប្តាហ៍នេះថា ការទប់ស្កាត់នេះនឹងមិនមាន «ផលប៉ះពាល់ភ្លាមៗ» លើលទ្ធផលរបស់ខ្លួននោះទេ។ ក្រុមហ៊ុន AMD ក៏បានទទួលលិខិតជូនដំណឹងជាមួយនឹងការរឹតបន្តឹងស្រដៀងគ្នានេះផងដែរ ដោយអ្នកដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន រ៉យទ័រ និងបន្ថែមថា ចំណាត់ការនេះមិនមានផលប៉ះពាល់ជាសំខាន់លើប្រាក់ចំណូលរបស់ខ្លួននោះទេ។
ជាធម្មតា ក្រុមមន្ត្រីអាមេរិកដាក់ការត្រួតពិនិត្យការនាំចេញសម្រាប់ហេតុផលសន្តិសុខជាតិ។ វិធានការស្រដៀងគ្នានេះ ដែលបានប្រកាសកាលពីឆ្នាំមុនបានបង្ហាញពីកំណើននៃការបង្រ្កាបរបស់សហរដ្ឋអាមេរិក លើសមត្ថភាពបច្ចេកវិទ្យារបស់ប្រទេសចិន ប៉ុន្តែគេមិនច្បាស់ភ្លាមៗថា តើហានិភ័យអ្វីខ្លះដែលបង្កឡើងដោយការនាំចេញទៅកាន់មជ្ឈិមបូព៌ានេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រុមហ៊ុន Nvidia បាននិយាយថា តម្រូវការអាជ្ញាប័ណ្ណថ្មី «មិនប៉ះពាល់ដល់ប្រាក់ចំណូលរបស់យើងទេ ហើយយើងកំពុងធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហានេះ»។ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលជាធម្មតាគ្រប់គ្រងតម្រូវការអាជ្ញាប័ណ្ណថ្មីលើការនាំចេញ មិនបានឆ្លើយតបភ្លាមៗនូវសំណើសុំការអត្ថាធិប្បាយនោះទេ៕

