UN៖ បណ្ដាអ្នកការទូតបាននិយាយថា ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ដែលបានគ្រោងទុកកាលពីថ្ងៃពុធ (៣០សីហា) ដើម្បីបន្តការអនុម័តសម្រាប់បេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសលីបង់ ត្រូវបានពន្យារពេល ខណៈដែលប្រទេសបារាំង សហរដ្ឋអាមេរិក និងអារ៉ាប់រួមបានជជែកតវ៉ាជុំវិញសេរីភាពនៃចល័តទីរបស់កងទ័ពអង្គការសហប្រជាជាតិ។
កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៨ កំពុងធ្វើការល្បាតព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ជាមួយអ៊ីស្រាអែល។ អាណត្តិសម្រាប់ប្រតិបត្តិការនេះ ត្រូវបានបន្តជារៀងរាល់ឆ្នាំ ហើយការអនុញ្ញាតបច្ចុប្បន្នរបស់វានឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍ (៣១សីហា) នេះ។
ភាពជាប់គាំងរបស់ក្រុមប្រឹក្សាសន្តិសុខ កើតឡើងស្របពេលមានសង្គ្រាមពាក្យសម្តីកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមហេបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ ដោយម្នាក់ៗបានប្តេជ្ញាថា នឹងបញ្ជូនគ្នាទៅវិញទៅមកទៅកាន់សម័យកាល«យុគថ្ម» វិញ ព្រមទាំងរៀបចំសម្រាប់ជម្លោះដែលអាចកើតមាន ទោះបីជាពួកគេព្យាយាមមិនបង្កើតជម្លោះក៏ដោយ។
ប្រទេសបារាំងបានព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបន្តបេសកកម្មរក្សាសន្តិភាពរយៈពេលមួយឆ្នាំទៀត ប៉ុន្តែសហរដ្ឋអាមេរិក និងអារ៉ាប់រួម ប្រកែកថា សេចក្តីសម្រេចនោះបានធ្វើឲ្យចុះខ្សោយលើសមត្ថភាពរបស់កងទ័ពអង្គការសហប្រជាជាតិក្នុងការផ្លាស់ទីដោយសេរី៕

