ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣១ សីហា) នេះថា លោកនឹងចងក្រងវិធានការដើម្បីជួយឧស្សាហកម្មនេសាទ ដែលរងគ្រោះដោយបម្រាមរបស់ប្រទេសចិនលើអាហារសមុទ្រជប៉ុន បន្ទាប់ពីបានទៅពិនិត្យទីផ្សារត្រីដ៏ធំបំផុតរបស់ទីក្រុងតូក្យូ ហើយបានប្តេជ្ញាលុបចោលការរឹតបន្តឹងការនាំចូល ដែលលោកបាននិយាយថា «គ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវ»។
ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលធ្វើប្រព្រិត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានបំផ្លាញ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍ (២៤ សីហា) ដោយជំរុញឱ្យប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន ដាក់បម្រាមលើការនាំចូលផលិតផលអាហារសមុទ្រជប៉ុន។
រដ្ឋមន្ត្រីក្រសួងជលផលជប៉ុន លោក Tetsuro Nomura បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុន (២៥ សីហា) ថា រដ្ឋាភិបាលនឹងចាត់វិធានការដើម្បីធ្វើពិពិធកម្មការនាំចេញត្រីរបស់ប្រទេសជប៉ុន សម្រាប់ផលិតផលដែលពឹងផ្អែកលើប្រទេសចិនដូចជា ងាវយក្សសមុទ្រជាដើម។ ប្រទេសចិនបាននាំចូលច្រើនជាងពាក់កណ្តាលនៃការនាំចេញងាវយក្សសមុទ្ររបស់ជប៉ុនក្នុងឆ្នាំ២០២២៕

