ហ្គាបុង៖ប្រធានាធិបតីហ្គាបុងដែលត្រូវបានគេបណ្តេញចេញពីតំណែង លោក Ali Bongo បានអំពាវនាវក្នុងវីដេអូមួយកាលពីថ្ងៃពុធ (៣០សីហា) ដល់សម្ព័ន្ធមិត្តឲ្យ «បញ្ចេញសំឡេងប្រឆាំង» ក្រោយការចូលកាន់កាប់យោធា។ ប្រសិនបើជោគជ័យ រដ្ឋប្រហារកាលពីថ្ងៃពុធនៅប្រទេសហ្គាបុងនោះ នឹងក្លាយជារដ្ឋប្រហារលើកទី៨នៅអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំ។ រដ្ឋប្រហារចំនួន៧ផ្សេងទៀតបានជួបប្រទះរឿងរ៉ាវដូចគ្នា គឺគ្មាននរណាម្នាក់បានចុះចាញ់នឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីផ្តួលរំលំពួកគេនោះទេ។
ការថ្កោលទោសយ៉ាងទូលំទូលាយ ឬការគំរាមកំហែងនពីអន្តរាគមន៍យោធា មានឥទ្ធិពលតិចតួចចំពោះបណ្ដាមេដឹកនាំរដ្ឋប្រហារដែលមិនមានកៅអី នៅក្នុងប្រទេសម៉ាលី បួគីណាហ្វាសូ ហ្គីណេ នីហ្សេ និងឆាដ ចាប់តាំងពីឆ្នាំ២០២០មក។
ការដាក់ទណ្ឌកម្មលើប្រទេសមួយចំនួននោះ បានប៉ះពាល់ដល់ពលរដ្ឋសាមញ្ញ ហើយហាក់ដូចជាមានការតស៊ូប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅតែប៉ុណ្ណោះ ព្រមទាំងជំរុញការគាំទ្រដ៏ពេញនិយមសម្រាប់របបយោធាផ្សេងៗផងដែរ។
ជាមួយនឹងមហាអំណាចពិភពលោកខ្វះគំនិតថ្មីៗ ព្រមទាំងរដ្ឋាភិបាលរបស់ហ្គាបុង បានរំលាយរួចហើយ និងបិទព្រំដែនរបស់ខ្លួននោះ ក្រុមអ្នកវិភាគសន្តិសុខមើលឃើញឱកាសតិចតួចប៉ុណ្ណោះ ដែលការអង្វររបស់លោក Bongo នឹងមានឥទ្ធិពលលើក្រុមមន្រ្តីយោធាទាំងនោះ។ ពួកគេនិយាយថា នោះអាចនឹងជាការជំរុញដល់ពួកអ្នកបះបោរយោធាផ្សេងទៀតនៅក្នុងតំបន់ទៀតផង។
លោក Maja Bovcon អ្នកវិភាគជាន់ខ្ពស់អាហ្រ្វិកនៅក្រុមហ៊ុនហានិភ័យ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍្រ Verisk Maplecroft បាននិយាយថា «គ្រោះថ្នាក់នោះ គឺថាការធ្វើរដ្ឋប្រហារទាំងអស់នេះ បង្ហាញពីអសមត្ថភាពរបស់សហគមន៍អន្តរជាតិក្នុងការស្តារការគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំមិនមានសង្ឃឹមច្រើនទេដែលថាលើកនេះអ្វីៗនឹងដំណើរការខុសគ្នាពីរដ្ឋប្រហារមុនៗ»៕

