នីហ្សេ៖ ក្រុមស្ត្រីជនជាតិនីហ្សេរាប់រយនាក់ បានតវ៉ានៅខាងក្រៅស្ថានទូតបារាំងកាលពីព្រឹកថ្ងៃពុធ (៣០ សីហា) ដោយអំពាវនាវឱ្យបារាំងដកកងទ័ព និងមូលដ្ឋានយោធារបស់ខ្លួនចេញពីប្រទេសនេះ។
របបសឹកនីហ្សេ ដែលបានដណ្ដើមអំណាចដោយរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដា បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតបារាំងលោក Sylvain Itte ចាកចេញពីប្រទេស ដោយសារទំនាក់ទំនងរវាងប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ និងអតីតម្ចាស់អាណានិគមរបស់ខ្លួន បានបន្តធ្លាក់ចុះ។
ដូចជាការធ្វើរដ្ឋប្រហារនាពេលថ្មីៗនេះនៅប្រទេសជិតខាង បួរគីណាហ្វាសូ និងប្រទេសម៉ាលី ដែរ ការកាន់កាប់យោធានៅនីហ្សេ បានកើតឡើងស្របពេលមានកំណើនមនោសញ្ចេតនាប្រឆាំងនឹងបារាំង ដោយអ្នកស្រុកមួយចំនួនបានចោទប្រកាន់ប្រទេសអឺរ៉ុបមួយនេះថា បានជ្រៀតជ្រែកក្នុងកិច្ចការរបស់ពួកគេ។
កាលពីថ្ងៃពុធ (៣០សីហា) ក្រុមស្ត្រីនៅមូលដ្ឋានបារាំងក្នុងរដ្ឋធានី នីញ៉ាមេ បានគោះឆ្នាំង ដោយបង្ហាញអាកប្បកិរិយាដូចជាកំពុងបោសសម្អាត និងស្រែកពាក្យស្លោកប្រឆាំងបារាំងផងដែរ។
ទន្ទឹមនឹងនេះដែរ សហភាពអឺរ៉ុបកាលពីថ្ងៃពុធ បានចាត់វិធានការឆ្ពោះទៅរកការដាក់ទណ្ឌកម្ម ដើម្បីបន្ថែមពីលើការដាក់ទណ្ឌកម្មរួចមកហើយដោយបណ្ដាប្រទេសអាហ្វ្រិកខាងលិច ទៅលើប្រទេសនីហ្សេនេះ៕

