បាល់ទាត់៖ អ្នកចាត់ការក្លិបបារាំង Lille លោក Christophe Galtier បានសំរេចចាកចេញពីតំណែងពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដឹកនាំក្រុមឈ្នះជើងឯកលីគកំពូលបារាំង។ បុរសវ័យ ៥៤ឆ្នាំរូបនេះបានជួយក្រុម Lille ឈ្នះជើងឯកលីគកំពូលបារាំងជាលើកដំបូងក្នុងរយៈពេល ១០ឆ្នាំកាលពីថ្ងៃអាទិត្យដោយយកឈ្នះក្រុមគូប្រជែង Paris Saint Germain មួយពិន្ទុ។

តាមពិតទៅលោក Galtier បានរំពឹងថា នឹងចាកចេញតាំងពីពាក់កណ្តាលរដូវកាលម្ល៉េះ បន្ទាប់ពីក្លិបមានអ្នកវិនិយោគថ្មី។ ថ្ងៃអង្គារម្សិលមិញនេះដែរក្រុមបាល់ទាត់ Lille បានធ្វើពិធីដង្ហែរពានអបអរសាទរជាមួយអ្នកគាំទ្រនៅកណ្តាលទីក្រុង មុនពេលដែលដំណឹងចាកចេញរបស់លោក Christophe Galtier ត្រូវបានប្រកាស។ រំលឹកថា លោក Galtier បានចូលមកដឹកនាំ Lille នៅខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីលោក Marcelo Bielsa ដែលនៅពេលនោះ Lille ស្ថិតក្នុងស្ថានភាពលំបាកក្បែរតំបន់ដែលត្រូវកាត់ចោល។ ក្រោយមកលោកក៏បានដឹកនាំក្រុមមិនអោយធ្លាក់ទៅលីគទី២ ក្នុងរដូវកាលនោះ ខណៈរដូវកាលបន្ទាប់បានលេខ២ និងលេខ៤ រដូវកាលមុន ហើយនឹងជើងឯកនៅរដូវកាលនេះ។ ការចាកចេញនេះដែរត្រូវបានគេដឹងថា លោក Christophe Galtier មានទំនាក់ទំនងផ្ទេរទៅទឹកដីនាំក្លិបរួមលីគ Nice រឺ Lyon៕
អត្ថបទ៖នាង សុភាវុធ