
សេតវិមានបានព្រមានកូរ៉េខាងជើង កុំឲ្យលក់អាវុធឲ្យប្រទេសរុស្ស៊ី ដើម្បីប្រទេសនេះយកទៅធ្វើសង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន ខណៈដែលភាពតានតឹង រវាងទីក្រុងព្យុងយ៉ាង និងវ៉ាស៊ីនតោន នៅតែបន្តកើនឡើងជាលំដាប់។
អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃពុធ (ទី៣០ ខែសីហា) ថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងអាវុធ ដែលអាចមានរវាងរុស្ស៊ី និងកូរ៉េខាងជើង។
លោក Kirby បាននិយាយថា "យើងជំរុញសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) បញ្ឈប់ការចរចាអាវុធរបស់ខ្លួនជាមួយរុស្ស៊ី និងគោរពតាមការប្តេជ្ញាចិត្តជាសាធារណៈ ដែលទីក្រុងព្យុងយ៉ាងបានធ្វើ ក្នុងការមិនផ្តល់ ឬលក់អាវុធឲ្យរុស្ស៊ី»។
លោក Kirby បានបន្ថែមថា សហរដ្ឋអាមេរិកជឿជាក់ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានព្យាយាមបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ឲ្យលក់គ្រាប់កាំភ្លើងធំទៅកាន់ទីក្រុងម៉ូស្គូ នៅពេលលោកបានធ្វើទស្សនកិច្ច នៅកូរ៉េខាងជើង និងបានជួបជាមួយមេដឹកនាំរបស់ប្រទេសនេះ លោក គីម ជុង អ៊ុន (Kim Jong Un) កាលពីខែកក្កដា។ តែយ៉ាងណាក្ដី អ្នកនាំពាក្យសេតវិមាន បានបដិសេធមិននិយាយព័ត៌មានលម្អិត ដែលថា តើមន្ត្រីអាមេរិកប្រមូលព័ត៌មានសម្ងាត់នោះបានយ៉ាងដូចម្ដេច។
សហរដ្ឋអាមេរិក តែងបានព្រមានគូប្រជែង និងគូបដិបក្ខរបស់ខ្លួន ក្នុងនោះរួមទាំងប្រទេសចិនផងដែរ កុំឲ្យជួយដល់រុស្ស៊ី ក្នុងការវាយលុកផ្នែកយោធា នៅអ៊ុយក្រែន ហើយការអត្ថាធិប្បាយរបស់លោក Kirby កាលពីថ្ងៃពុធ បានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងលោក គីម បានផ្ញើសំបុត្រឲ្យគ្នាទៅវិញទៅមក ដោយប្តេជ្ញាពង្រឹងទំនាក់ទំនង រវាងប្រទេសទាំង២។
បេសកកម្មកូរ៉េខាងជើង និងរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នោះទេ។ តែនៅមុននេះ ទាំងកូរ៉េខាងជើង និងរុស្ស៊ី ធ្លាប់បានបដិសេធការចោទប្រកាន់របស់អាមេរិក ពាក់ព័ន្ធនឹងអាវុធ៕