
រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad និងសមភាគីអ៊ីរ៉ង់លោក Hussein Amir-Abdollahian កាលពីថ្ងៃពុធ (ទី៣០ ខែសីហា) បានរួមគ្នាព្រមានសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងកម្លាំងយោធា ដែលត្រូវបានរាយការណ៍ថា កំពុងបង្កើននៅតាមព្រំដែនស៊ីរី-អ៊ីរ៉ាក់។
ក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនៅក្នុងរដ្ឋធានីដាម៉ាសរបស់ស៊ីរី រដ្ឋមន្ត្រីទាំង២ បានបង្ហាញពីកង្វល់ ចំពោះកិច្ចប្រឹងប្រែងជាក់ស្តែងរបស់សហរដ្ឋអាមេរិក ក្នុងការប្រមូលផ្តុំកងកម្លាំង និងក្រុមឧទ្ទាមសម្ព័ន្ធមិត្ត នៅតាមព្រំដែនស៊ីរី-អ៊ីរ៉ាក់ ដោយរាប់តាំងពីខេត្ត Hasakah នៅភាគឦសានប្រទេសស៊ីរីរហូតទៅដល់តំបន់ភាគអាគ្នេយ៍ក្បែរមូលដ្ឋានទ័ពអាមេរិក នៅ Al-Tanf។
លោក Mekdad បាននិយាយថា ទង្វើនេះបានរំលោភលើច្បាប់អន្តរជាតិ ហើយនឹងត្រូវប្រឈមជាមួយការតបតវិញរបស់ស៊ីរី ខណៈដែលលោក Amir-Abdollahian បានបន្ថែមពីលើការព្រួយបារម្ភរបស់លោក Mekdad ហើយបានណែនាំសហរដ្ឋអាមេរិកឲ្យបញ្ឈប់នូវសកម្មភាពបង្កគ្រោះថ្នាក់ដល់តំបន់នេះ។
ថ្មីៗនេះ ក្រុមសកម្មជនប្រឆាំងស៊ីរី បានរាយការណ៍ថា សហរដ្ឋអាមេរិក គ្រោងនឹងរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើព្រំដែនស៊ីរី-អ៊ីរ៉ាក់ ដើម្បីទប់ស្កាត់ឥទ្ធិពលអ៊ីរ៉ង់ នៅក្នុងតំបន់៕