
ចាប់តាំងពីការច្រៀងចម្រៀងប៉ុប រហូតដល់ការសួរសំណួរអំពីម៉ូតសក់ នៅលើកម្មវិធីផ្ញើសារ Instagram ក្តីសង្ឃឹមរបស់មេដឹកនាំរបស់កោះតៃវ៉ាន់ កំពុងបង្វែរការចាប់អារម្មណ៍កាន់តែខ្លាំងឡើងទៅកាន់អ្នកបោះឆ្នោតវ័យក្មេង ដែលត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភា។
លទ្ធផលនៃការបោះឆ្នោត នៅខែមករា ឆ្នាំ២០២៤ ដែលត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ នឹងធ្វើឲ្យមានភាពតានតឹងដល់ទំនាក់ទំនងដ៏ច្របូកច្របល់របស់ទីក្រុងតៃប៉ិជាមួយទីក្រុងប៉េកាំង ដែលបានបដិសេធមិនបោះបង់ការស្រសោបយកកោះនេះ ដោយបង្ខំ ទោះបីជាសហរដ្ឋអាមេរិក បានសន្យាការពារកោះដែលមានប្រជាជន ២៣លាននាក់នេះក៏ដោយ។
បើយោងតាមអ្នកវិភាគ និងការស្ទង់មតិអ្នកបោះឆ្នោត បានបង្ហាញឲ្យឃើញថា នៅឆ្នាំ២០២០ បន្ទាប់ពីការតវ៉ាលទ្ធិប្រជាធិបតេយ្យ នៅទីក្រុងហុងកុង ដែលគ្រប់គ្រងដោយចិន មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen និងគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់លោកស្រី បានទទួលជ័យជម្នះដ៏លើសលប់មួយផ្នែកដោយសារតែមានចំនួនអ្នកបោះឆ្នោតវ័យក្មេងច្រើន។
គណបក្ស DPP កំពុងស្ថិតនៅលើផ្លូវរក្សាអំណាច សម្រាប់អាណត្តិទី៣ ដោយបេក្ខជនរបស់គណបក្ស គឺលោក William Lai វ័យ ៦៣ឆ្នាំ កំពុងនាំមុខគេ ក្នុងការស្ទង់មតិ។ អ្នកបោះឆ្នោតវ័យក្មេង កំពុងដើរតួនាទីម្តងទៀត ប៉ុន្តែពេលនេះ ពួកគេកំពុងត្រូវបានទាក់ទាញដោយបេក្ខជនដែលមើលរំលងមិនបាន ព្រោះបានក្លាយជាគូប្រជែងយ៉ាងស្វិតស្វាញបំផុតរបស់គណបក្ស DPP។
បេក្ខជនរូបនោះ គឺលោក Ko Wen-je ដោយអតីតអភិបាលក្រុងតៃប៉ិវ័យ ៦៤ឆ្នាំ បានឈ្នះចិត្តអ្នកបោះឆ្នោតវ័យក្មេងជាច្រើន ជាមួយនឹងការនិយាយពីបញ្ហាធម្មតា ដូចជាតម្លៃផ្ទះខ្ពស់ ជាជាងការផ្តោតលើការគំរាមកំហែងរបស់ប្រទេសចិន៕