
បើយោងតាមការជូនដំណឹងដែលផ្ញើទៅកាន់សភា បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានយល់ព្រមលើការផ្ទេរយោធាទៅកាន់កោះតៃវ៉ាន់ ក្រោមកម្មវិធីហិរញ្ញវត្ថុយោធាបរទេស ឬ FMF ដែលជាធម្មតា ត្រូវបានប្រើប្រាស់ សម្រាប់រដ្ឋអធិបតេយ្យ។
ការជូនដំណឹង ដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters កាលពីថ្ងៃពុធ (ទី៣០ ខែសីហា) ជូនដំណឹងដល់គណៈកម្មាធិការសភាអំពីចេតនារបស់ក្រសួងការបរទេស ក្នុងការផ្តល់ជំនួយកាតព្វកិច្ចរហូតដល់ទៅ ៨០លានដុល្លារ នៅក្នុងមូលនិធិ FMF ដើម្បីគាំទ្រដល់កោះតៃវ៉ាន់។
សេចក្តីជូនដំណឹងនោះបានប្រាប់ថា៖ «FMF នឹងត្រូវបានប្រើដើម្បីពង្រឹងសមត្ថភាពស្វ័យការពាររបស់កោះតៃវ៉ាន់ តាមរយៈសមត្ថភាពការពាររួមគ្នា និងរួមបញ្ចូលគ្នា និងការពង្រឹងការយល់ដឹងអំពីដែនសមុទ្រ និងសមត្ថភាពសន្តិសុខដែនសមុទ្រ»។
ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានសម្តែងការអរគុណរបស់ខ្លួន ប៉ុន្តែបាននិយាយថា ខ្លួនមិនមានការអត្ថាធិប្បាយលើព័ត៌មានលម្អិតនៃជំនួយនេះទេ ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក បានជួយពង្រឹងសមត្ថភាពប្រយុទ្ធរបស់កោះនេះរួចហើយ ក្រោមគោលនយោបាយ និងច្បាប់ដែលមានស្រាប់៕