
ក្រុមសកម្មជន បាននិយាយថា ប្រទេសអ៊ីរ៉ង់កំពុងរៀបចំការបង្រ្កាបនៅមុនខួបមួយឆ្នាំនៃការស្លាប់របស់នាង ម៉ាសា អាមីនី (Mahsa Amini) ដោយចាប់ខ្លួនបុគ្គលល្បីៗ អ្នកធ្វើយុទ្ធនាការ និងសាច់ញាតិរបស់អ្នកដែលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ នៅក្នុងការតវ៉ា កាលពីឆ្នាំមុន។
ការស្លាប់នៅក្នុងការឃុំឃាំងកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ របស់នាងអាមីនី ជនជាតិឃើដអ៊ីរ៉ង់ មានវ័យ២២ឆ្នាំ ដែលត្រូវបានចាប់ខ្លួនពីបទរំលោភលើច្បាប់ស្លៀកពាក់ដ៏តឹងរ៉ឹងសម្រាប់ស្ត្រី បានបង្កឲ្យមានការតវ៉ាជាច្រើនខែ ដែលរួមមានការអំពាវនាវឲ្យបញ្ចប់ប្រព័ន្ធឥស្លាមរបស់ប្រទេសអ៊ីរ៉ង់។
បច្ចុប្បន្ន ការតវ៉ា បានធូរស្រាលយ៉ាងច្រើន ទោះបីជាមានការផ្ទុះឡើងជាបន្តបន្ទាប់ក្តី បន្ទាប់ពីការបង្ក្រាបមួយ ដែលមានមនុស្សរាប់ពាន់នាក់ ត្រូវបានចាប់ឃុំខ្លួន នេះបើយោងតាមUN ហើយរាប់រយនាក់ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខ នេះបើយោងតាមក្រុមសកម្មជន។
ប៉ុន្តែក្រុមអ្នកធ្វើយុទ្ធនាការនៅខាងក្រៅប្រទេសអ៊ីរ៉ង់ បាននិយាយថា អាជ្ញាធរដឹងយ៉ាងច្បាស់អំពីហានិភ័យដែលថា ខួបនេះ អាចបង្កឲ្យមានការតវ៉ាកាន់តែច្រើន ហើយនិយាយថា កងកម្លាំងសន្តិសុខ បានបង្កើនការគាបសង្កត់ដើម្បីការពារការកើតឡើងម្តងទៀតនៃព្រឹត្តិការណ៍កាលពីរដូវស្លឹកឈើជ្រុះមុន។