
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសជប៉ុន លោក Rahm Emanuel បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) ថា ប្រតិកម្មរបស់ប្រទេសចិន ចំពោះការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មហើយទៅក្នុងមហាសមុទ្រពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលរងការខូចខាតនោះ គឺសុទ្ធតែជាការសម្លុតកំហែងផ្នែកសេដ្ឋកិច្ច និងនយោបាយ។
លោក Emanuel បាននិយាយថា លោករំពឹងថា សហរដ្ឋអាមេរិក នឹងគាំទ្រប្រទេសជប៉ុន ប្រសិនបើទីក្រុងតូក្យូនាំយកប្រទេសចិនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការហាមឃាត់របស់ចិនលើការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន។
លោក Emanuel បានទៅទស្សនកិច្ចទីក្រុង Soma ក្នុងខេត្ត Fukushima ដើម្បីបង្ហាញពីការគាំទ្ររបស់លោក ចំពោះឧស្សាហកម្មនេសាទ នៅមូលដ្ឋាន បន្ទាប់ពីមានការចាប់ផ្តើមបង្ហូរទឹកចេញពីរោងចក្រ។
សូមបញ្ជាក់ថា ប្រទេសជប៉ុនបានចាប់ផ្តើមការបង្ហូរទឹកមានសារធាតុនុយក្លេអ៊ែរ ដែលធ្វើប្រព្រឹត្តិកម្មរួចហើយ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) សប្ដាហ៍មុន ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដកបន្ទុកសារធាតុមិនប្រើប្រាស់ពីរោងចក្រ Fukushima ដែលបានរងការបំផ្លិចបំផ្លាញ ៣ដង បន្ទាប់ពីរងការវាយប្រហារដោយរលកយក្សស៊ូណាមិ ក្នុងឆ្នាំ២០១១ ក្រោយពីមានការរញ្ជួយដីដ៏ខ្លាំងក្លាមួយ ហើយការសម្រេចរបស់ជប៉ុននេះ បាននាំឲ្យប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ រហូតដល់ហាមឃាត់នាំចូលអាហារសមុទ្រគ្រប់យ៉ាងពីជប៉ុន៕