ភ្នំពេញ ៖ ប្រសិនបើមិនមានការប្រែប្រួលទេ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាអធិប តីភាពក្នុងពិធីភ្ជាប់ស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាម លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញថ្លែងឱ្យសារព័ត៌មានក្នុងស្រុកដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។
លោកបន្ថែមថា បច្ចុប្បន្នការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រនេះ សម្រេចបានជាង៩០ ភាគរយហើយ។ តាមផែនការ ស្ពាននេះគ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ គឺនៅមុនព្រះរាជពិធីបុណ្យអុំទូកមកដល់។
គម្រោងសាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់កោះពេជ្រ និង កោះនរា នេះ សាងសង់ដោយក្រុមហ៊ុន OCIC ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី៕ ដោយ៖ គង់ ឌិន
