
វីដេអូដែលទើបលេចចេញមកថ្មីៗរបស់មេដឹកនាំទាហានស៊ីឈ្នួលជនជាតិរុស្សី លោក Yevgeny Prigozhin បានអះអាងពីវត្តមានរបស់លោក នៅទ្វីបអាហ្រ្វិកតែប៉ុន្មានថ្ងៃ មុនពេលរូបលោកស្លាប់ ដោយក្នុងវីដេអូនោះ លោកបាននិយាយដល់ពាក្យចចាមអារ៉ាមពីសុខុមាលភាពរបស់លោក និងការគំរាមកំហែង ដែលអាចកើតមាន ចំពោះសន្តិសុខរបស់លោក។
ក្នុងវីដេអូខ្លីដែលត្រូវបានចេញផ្សាយដោយប៉ុស្តិ៍ Telegram គឺ Grey Zone ដែលត្រូវបានភ្ជាប់ទៅក្រុមទាហានស៊ីឈ្នួល Wagner របស់លោកនោះ លោក Prigozhin ធ្លាប់បាននិយាយថា៖ «សម្រាប់អ្នក ដែលកំពុងជជែកគ្នាថា តើខ្ញុំនៅមានជីវីត ឬអត់ ថាតើសុខទុក្ខរបស់ខ្ញុំយ៉ាងម៉េចដែរ ខ្ញុំគ្រាន់តែចង់ប្រាប់ថា ឥឡូវនេះ គឺចុងសប្តាហ៍ ពាក់កណ្តាលខែសីហានៃឆ្នាំ២០២៣ ពេលនេះខ្ញុំនៅទ្វីបអាហ្រ្វិក»។
អមជាមួយនឹងការលើកដៃជាសញ្ញា លោកបានបន្ថែមនៅក្នុងឃ្លីបនោះថា៖ «ដូច្នេះសម្រាប់អ្នកដែលចូលចិត្តពិភាក្សាពីការបាត់មុខរបស់ខ្ញុំ ឬជីវិតឯកជនរបស់ខ្ញុំ តើខ្ញុំរកបានប៉ុន្មាន ឬអ្វីផ្សេងទៀតក៏ដោយ ខ្ញុំគ្រាន់តែប្រាប់ថា អ្វីគ្រប់យ៉ាង គឺអត់បញ្ហា»។
យ៉ាងណាក្ដី ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បាននោះពីទីតាំង ឬកាលបរិច្ឆេទរបស់ឃ្លីបវីដេអូនេះ ដែលត្រូវបានថតនៅក្នុងរថយន្ដបើកទៅមុខមួយ។
ការស្លៀកសម្លៀកបំពាក់ និងពាក់មួកបន្លំរបស់លោក Prigozhin ក៏ដូចជានាឡិកាដៃពាក់នៅដៃខាងស្តាំរបស់លោក ត្រូវគ្នានឹងរូបរាងរបស់លោក នៅក្នុងវីដេអូ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី២១ ខែសីហា ដែលលោកក៏ធ្លាប់បានអះអាងដែរថា ត្រូវបានថតនៅទ្វីបអាហ្វ្រិក។ ការលើកឡើងដល់ «ចុងសប្តាហ៍» របស់លោក ដែលត្រូវបានបញ្ចូលក្នុងឃ្លីបចុងក្រោយបង្អស់ ប្រាកដជាត្រូវបានថតឡើង នៅថ្ងៃទី១៩ ឬទី២០ ខែសីហា ពោលគឺត្រឹមតែ ៣ ឬ ៤ ថ្ងៃប៉ុណ្ណោះ នៅមុនពេលរូបលោក និងឥស្សរជនខ្ពស់ និងអង្គរក្សជំនិតៗផ្សេងទៀតរបស់ក្រុមទាហានស៊ីឈ្នួល Wagner បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅភាគខាងជើងនៃទីក្រុងម៉ូស្គូ កាលពីថ្ងៃទី២៣ ខែសីហា។ សម្ដីរបស់លោក នៅក្នុងវីដេអូនោះ បានឆ្លុះបញ្ចាំងពីការដឹងរបស់លោក Prigozhin ពាក់ព័ន្ធនឹងហានិភ័យ ចំពោះជីវិតរបស់លោក៕