
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា)នេះ ថា រដ្ឋមន្ត្រីក្រសួងរបស់ប្រទេសនេះ បានជំរុញឲ្យមានការអនុវត្តដោយស្មើភាពដល់ក្រុមហ៊ុនរបស់ចិន ដែលកំពុងវិនិយោគ នៅសហរដ្ឋអាមេរិក ហើយបានហៅការយកពន្ធរបស់អាមេរិកលើការនាំចូលរបស់ចិនថា «ជាការរើសអើង» ដោយការលើកឡើងនេះ ត្រូវបានធ្វើឡើង ក្នុងជំនួបរវាងលោករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo ក្នុងសប្តាហ៍នេះ។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ (ទី២៩ ខែសីហា) លោកស្រី Raimondo បាននិយាយថា លោកស្រីមិនបានរំពឹងថា នឹងមានការបំបែកភាពទាល់ច្រកណាមួយនោះឡើយ ប៉ុន្តែកំពុង «ចាកចេញពីប្រទេសនេះដោយសុទិដ្ឋិនិយម» បន្ទាប់ពីបានចូលរួមជួបពិភាក្សាជាមួយមេដឹកនាំជាន់ខ្ពស់របស់ចិន ក្នុងនោះរួមទាំងជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Wang Wentao ផងដែរ។
ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទាំង២ ធ្លាប់ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក ហើយខណៈពេលដែលរដ្ឋាភិបាលទាំង២ ប្រឈមជាសាធារណៈនូវការកាត់ផ្តាច់ចំណងទាក់ទងនោះ ពេលនេះប្រទេសចិនកំពុងធ្វើពាណិជ្ជកម្មកាន់តែច្រើនជាមួយប្រទេសអាស៊ីអាគ្នេយ៍ ហើយសហរដ្ឋអាមេរិកជាមួយប្រទេសជិតខាងកាណាដា និងម៉ិកស៊ិក។
ការប្រឈមមុខដាក់គ្នា ជុំវិញពន្ធនាំចូល បានផ្ទុះឡើង រវាងទីក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន ក្រោមរដ្ឋបាលមុនរបស់លោក Donald Trump។ ចាប់តាំងពីពេលនោះមក ប្រធានាធិបតីអាមេរិកលោក Joe Biden និងសម្ព័ន្ធមិត្តរបស់អាមេរិកមួយចំនួន បានរឹតបន្តឹងការនាំចេញទៅកាន់ប្រទេសចិននូវឧបករណ៍អេឡិចត្រូនិកទំនើបៗ និងធាតុផ្សំដើម្បីផលិតឧបករណ៍ទាំងនោះ ដោយលើកហេតុផលពីកង្វល់អំពីសុវត្ថិភាព៕