បាល់ទាត់៖ ខ្សែបំរើក្រូអាស៊ីកីឡាករ Luka Modric បញ្ចប់ពាក្យចចាមអារ៉ាមពីអនាគតរបស់ខ្លួន ក្រោយចុះហត្ថលេខាលើកិច្ចសន្យាបន្តនៅជាមួយ Real Madrid មួយរដូវកាលទៀត។ ប្រសិនបើមិនទទួលបានកិច្ចសន្យានេះទេ កីឡាករវ័យ ៣៥ឆ្នាំរូបនេះនឹងចាកចេញពី Real Madrid ដោយគ្មានតំលៃផ្ទេរនៅចុងខែមិថុនាខាងមុខ ខណៈគោលដៅបន្ទាប់នោះអាចនៅទឹកដីអាមេរិកផ្ទេរទៅ DC United រឺអ៊ីតាលីផ្ទេរទៅ Inter Milan។

Luka Modric បានផ្លាស់មកកាន់ Real Madrid កាលពីឆ្នាំ២០១២ ក្នុងតំលៃ ៣០លានផោនពី Tottenham Hotspur បង្ហាញខ្លួនសរុបឲ្យ Real Madrid មកដល់ពេលនេះ ៣៩១ប្រកួតហើយ ខណៈកិច្ចសន្យាមួយរដូវកាលទៀតនេះមានន័យថា Modric នឹងនៅជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុង Madrid មួយនេះពេញមួយទសវត្សរ៍។ ក្នុងនាមជាខ្សែបំរើ Modric ស៊ុតបញ្ចូលទីសរុបបាន ២៨គ្រាប់ជួយ Real Madrid លើកពាន UEFA Champions League ៤លើក, La Liga ២លើក, Copa del Rey ១លើក និង FIFA Club World Cup ៣លើក៕
អត្ថបទ៖នាង សុភាវុធ