
ក្រុមហ៊ុន Baidu រួមជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៤ផ្សេងទៀត ក្នុងនោះរួមទាំងក្រុមហ៊ុន SenseTime Group ផងដែរ បានចាប់ផ្តើមដាក់ដំណើរការកម្មវិធី Chatbot បញ្ញាសិប្បនិម្មិត (AI) របស់ខ្លួនជាសាធារណៈ នៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) នេះ បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិន។
Baidu ដែលជាក្រុមហ៊ុនផ្តល់សេវាស្វែងរកតាមអ៊ិនធឺណិតឈានមុខគេរបស់ប្រទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Chatbot ស្រដៀងនឹងកម្មវិធី ChatGPT របស់ខ្លួន ដែលមានឈ្មោះថា Ernie Bot ឬ Wenxin Yiyan ក្នុងភាសាចិន ឥឡូវនេះ អាចចូលទៅប្រើប្រាស់បានយ៉ាងពេញលេញជាសាធារណៈ។ កម្មវិធី AI Chatbot ដែលបង្កើតឡើងវិញ អាចបង្កើតបានជាអត្ថបទ នៅពេលដែលត្រូវបានជំរុញឲ្យសរសេរបទចម្រៀង ហើយបន្ទាប់មក រចនារូបភាពមួយពេលស្នើឲ្យគូររូប «ឆ្មាដ៏គួរឲ្យស្រឡាញ់បំផុតក្នុងពិភពលោក»។
ភាគហ៊ុនក្នុងក្រុមហ៊ុន Baidu និង SenseTime បានហក់ឡើង ក្នុងការជួញដូរ នៅក្រុងហុងកុង ដោយកើនឡើង ២,១ភាគរយនិង ២,៣ភាគរយបន្តបន្ទាប់គ្នា ក្នុងទីផ្សារធំៗដែលកំពុងជួញដូរទាបជាង ០,៥៥ភាគរយ។ ថ្មីៗនេះ អាជ្ញាធរបានពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ក្រុមហ៊ុនដែលអភិវឌ្ឍ AI ខណៈដែលបច្ចេកវិទ្យាកាន់តែក្លាយជាចំណុចសំខាន់នៃការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក៕