
នាយកសាលាមត្តេយ្យ Kinderland Woodlands Mart នៅប្រទេសសិង្ហបុរី ត្រូវបានដកចេញពីតួនាទីរបស់អ្នកនាង បន្ទាប់ពីអតីតគ្រូបង្រៀនម្នាក់ ត្រូវបានចោទប្រកាន់ក្នុងសប្តាហ៍នេះពីបទធ្វើបាបកុមារ នៅមជ្ឈមណ្ឌលនេះ។
គ្រូបង្រៀនម្នាក់ទៀត នៅសាលាមត្តេយ្យ Kinderland នៅឯមជ្ឈមណ្ឌល Sunshine Place ក្នុងតំបន់ Choa Chu Kang ក៏ត្រូវបានចាប់ខ្លួនផងដែរ ពីបទធ្វើបាបកុមារ។
សាលា Kinderland នៅសិង្ហបុរីនេះ បានឲ្យដឹង តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម Facebook នៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) នេះ ថា៖ «ដោយរង់ចាំលទ្ធផលនៃការស៊ើបអង្កេតរបស់អាជ្ញាធរពាក់ព័ន្ធ និងការស៊ើបអង្កេតផ្នែកវិន័យផ្ទាល់របស់យើង សម្រាប់មជ្ឈមណ្ឌលទាំង២ នោះ នាយកសាលា Woodlands Mart ត្រូវបានដកចេញពីតួនាទីបច្ចុប្បន្នរបស់លោកស្រី»។
សាលាបានបន្ថែមថា៖ «យើងសូមអំពាវនាវដោយស្មោះសរដល់សាធារណជនឲ្យបញ្ឈប់ការនិយាយផ្សេងៗ ដោយពួកយើងនឹងចែករំលែកព័ត៌មានថ្មីៗជាបណ្ដើរៗ»។
ទីភ្នាក់ងារអភិវឌ្ឍន៍កុមារតូចៗ (ECDA) បាននិយាយកាលពីថ្ងៃពុធ (ទី៣០ ខែសីហា) ថា ខ្លួនកំពុងស៊ើបអង្កេតនាយកមជ្ឈមណ្ឌល គឺលោកស្រី Mahirah Yasid និងប្រតិបត្តិករ។ ភ្នាក់ងារបានបន្ថែមថា វិធានការបន្ថែមទៀត អាចនឹងត្រូវធ្វើឡើង ប្រសិនបើពួកគេត្រូវបានរកឃើញថា មិនបានបំពេញកាតព្វកិច្ចថែទាំកុមារទេនោះ៕