នីហ្សេ៖ របបសឹកដែលកំពុងកាន់អំណាចរបស់ប្រទេសនីហ្សេ បានបញ្ជាឱ្យនគរបាលបណ្តេញឯកអគ្គរដ្ឋទូតបារាំង ដែលជាទង្វើមួយបង្ហាញពីការធ្លាក់ចុះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក្រុមអាជ្ញាធរនៅទីក្រុងប៉ារីសបាននិយាយថា ក្រុមមន្រ្តីកងទ័ពដែលបានដណ្តើមអំណាចនៅរដ្ឋធានីនីញ៉ាមេ កាលពីខែមុនមិនមានអំណាចធ្វើរឿងបែបនេះនោះទេ។
ក្រុមមេដឹកនាំនៃរដ្ឋប្រហារនោះ កំពុងធ្វើតាមយុទ្ធសាស្ត្ររបស់បណ្ដារបបសឹកនៅក្នុងប្រទេសជិតខាងម៉ាលី និងបួរគីណាហ្វាសូ ក្នុងការរក្សាគម្លាតពីអតីតមហាអំណាចអាណានិគមក្នុងតំបន់ ស្របពេលមានរលកនៃមនោសញ្ចេតនាប្រឆាំងនឹងបារាំង។
របបសឹកនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២៩ ខែសីហា ហើយបានបញ្ជាក់តាមការអនុញ្ញាតកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ដោយប្រមុខទំនាក់ទំនងរបស់ខ្លួនថា ទិដ្ឋាការរបស់ឯកអគ្គរដ្ឋទូតបារាំង លោក Sylvain Itte និងក្រុមគ្រួសាររបស់លោក ត្រូវបានលុបចោល ហើយនគរបាលត្រូវបានណែនាំអោយបណ្តេញបេសកជននេះចេញពីប្រទេស។
ក្រុមអ្នកធ្វើរដ្ឋប្រហារកាលពីថ្ងៃសុក្រសប្តាហ៍មុនបានបញ្ជាឱ្យលោក Itte ចាកចេញពីប្រទេសក្នុងរយៈពេល៤៨ម៉ោង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថាសកម្មភាពរបស់ប្រទេសបារាំង «ដែលផ្ទុយនឹងផលប្រយោជន៍របស់នីហ្សេ»។ រដ្ឋប្រហារនីហ្សេ ត្រូវបានថ្កោលទោសដោយក្រុមអាជ្ញាធរអាហ្វ្រិកក្នុងតំបន់ និងបណ្ដាប្រទេសលោកខាងលិចជាច្រើនទៀត។ ស្ថាប័នប្រចាំតំបន់របស់អាហ្វ្រិកខាងលិច ECOWAS ក៏បានដាក់ទណ្ឌកម្មលើប្រទេសនីហ្សេ នេះផងដែរ៕

