អាមេរិក៖ លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងទៅកាន់រដ្ឋ Florida នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ បន្ទាប់ពីព្យុះសង្ឃរាអ៊ីដាលីយ៉ា (Idalia) វាយប្រហាររដ្ឋនេះ កាលពីដើមសប្ដាហ៍នេះដែលបានឆក់យកជីវិតមនុស្ស៣នាក់។
លោក Biden បានបញ្ជាក់ថា ខ្ញុំនឹងទៅកាន់រដ្ឋ Florida នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ បន្ទាប់ពីបានធ្វើអត្ថាធិប្បាយក្នុងសន្និសីទសារព័ត៌មានខ្លី នៅទីស្នាក់ការទីភ្នាក់គ្រប់គ្រងគ្រោះមហន្តរាយអាគ្រាអាសន្នសហព័ន្ធ បន្ទាប់ពីថ្លែងអំណរគុណសម្រាប់ការងារឆ្លើយតបនឹងព្យុះនេះ ។
ទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សេតវិមាន លោកស្រី លីស ហ្សឺវ៉ូដរ៉ានដាល (Liz Sherwood-Randall) បានប្រាប់ក្រុមអ្នកយកសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃព្រហ្បតិ៍ថា លោក Biden នឹងទៅពិនិត្យមើលស្ថានភាពក្នុងតំបន់នានាដែលរងគ្រោះខ្លាំងបំផុតដោយសារព្យុះសង្ឃរានេះ។
ព្យុះសង្ឃរាអ៊ីដាលីយ៉ា បានបោកបក់មកដល់ដីគោកក្នុងរដ្ឋ Florida កាលពីព្រឹកថ្ងៃពុធ ជាព្យុះដ៏មានឥទ្ធិពលកម្រិតទី៣ និងបានចុះកម្លាំងក្លាយជាព្យុះត្រូពិក ខណៈបោកបក់ទៅកាន់តំន់ឆ្នេរខាងកើត បណ្ដាលឲ្យមានទឹកជំនន់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងកាត់ផ្ដាច់ចរន្តអគ្គិសនីទូទាំងរដ្ឋ Florida, Georgia និង South Carolina។
ដំណឹងនៃដំណើរនេះ បានកើតមានឡើង ប៉ុន្មានម៉ោង ក្រោយលោក Biden បានអនុម័តជាផ្លូវការនូវការប្រកាសគ្រោះមន្តរាយដ៏ធ្ងន់ធ្ងរសម្រាប់រដ្ឋនេះ ។លោក Biden បានពិភាក្សាជាមួយអភិបាលរដ្ឋ នេះលោក Ron DeSantis តាមទូរស័ព្ទ កាលពីថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ដើម្បីជូនដំណឹងលោកអំពីសេចក្ដីប្រកាសនេះ៕


