អាមេរិក៖ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទប្រកាន់បទឧក្រិដ្ឋនៅរដ្ឋចចា ដែលមានជាបន្តបន្ទាប់ ចោទប្រកាន់មកលើលោកពីបទព្យាយាមបង្វែរការបរាជ័យការបោះឆ្នោតឆ្នាំ២០២០របស់លោក។
ការចោទប្រកាន់នៅរដ្ឋចចា ត្រូវបានប្តឹងកាលពីដើមខែនេះ ដែលបទចោទប្រកាន់លោកត្រាំផ្ទាល់មានចំនួនបទឧក្រិដ្ឋ១៣ករណី រួមមានទាំងសកម្មភាពទុច្ចរិត។ អ្នកដែលត្រូវចោទប្រកាន់១៨នាក់ផ្សេងទៀត រួមជាមួយលោកត្រាំ ប្រឈមបទក្រិដ្ឋសរុប៤១ករណី រួមមានការផ្តល់ភស្តុតាងមិនពិតចំពោះសមាជិកសភាថាការបន្លំការបោះឆ្នោតបានកើតមានឡើង និងបានជំរុញឲ្យឲ្យមន្ត្រីរដ្ឋបំពានពាក្យសម្បថក្នុងតំណែងរបស់ពួកគេ ដោយការកែប្រែលទ្ធផលបោះឆ្នោត។
ការផ្តល់ចម្លើយពីភាពគ្មានទោសនេះ មានន័យថា លោកត្រាំ នឹងមិនបង្ហាញខ្លួនផ្ទាល់នៅតុលាការកំពូលតំបន់ Fulton នៅសប្តាហ៍ក្រោយដើម្បីប្រឈមមុខបទចោទប្រកាន់នោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់លោកត្រាំ បានស្នើសុំឲ្យចៅក្រម ដកចេញករណីរបស់លោក ពីសហចុងចោទមួយចំនួនផ្សេងទៀតដែលព្យាយាមពន្លឿនការកាត់ទោសនោះ។ បញ្ហានេះ នឹងដាក់ករណីលោកត្រាំលើកាលបរិច្ឆេទខុសគ្នាពីសហចុងចោទរបស់លោក គឺលោក Kenneth Chesebro ជាមេធាវីសម្រាប់យុទ្ធនាការឆ្នាំ២០២០របស់លោកត្រាំ។
មេធាវីរបស់លោកត្រាំ បានអះអាងថា ពួកគេពុំមានពេលគ្រប់គ្រាន់ដើម្បីត្រៀមសម្រាប់ការកាត់ទោស នៅខែតុលា ជាកាលបរិច្ឆេទកំណត់សម្រាប់លោក Chesebro ។ ទោះបីជាបទចោទប្រកាន់ចំនួន៤ដែលការចោទពីបទឧក្រិដ្ឋទាំងអស់ប្រមាណ៩១ករណីមាននៅក្នុងទីក្រុងញ៉ូវយ៉ក ម៉ៃអាមី វ៉ាស៊ីនតោន និងអាត្លង់តា លោកត្រាំ នៅតែជាអ្នកឈានមុខម្នាក់សម្រាប់ការតែងតាំងរបស់គណបក្សសាធារណៈរដ្ឋ ចំពោះការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤៕

