អាហ្រ្វិក៖ កាលពីថ្ងៃព្រហស្បតិ៍ (៣០សីហា) សហភាពអាហ្រ្វិកបានព្យួរសមាជិកភាពរបស់ប្រទេសហ្គាបុង មួយថ្ងៃបន្ទាប់ពីក្រុមមន្រ្តីយោធាបានបណ្តេញប្រធានាធិបតីប្រទេសនេះ លោក អាលី បុងហ្គោ ចេញពីតំណែង ដែលជាការឆ្លើយតបក្នុងតំបន់ជាលើកដំបូងចំពោះរដ្ឋប្រហារលើកទី៨នៅអាហ្វ្រិកខាងលិច និងកណ្តាលចាប់តាំងពីឆ្នាំ២០២០មក។
ដូចរបបយោធាដទៃទៀត ដែលបានឆក់យកអំណាចក្នុងតំបន់ដែរ ក្រុមមេដឹកនាំយោធារបស់ហ្គាបុង កំពុងស្វះស្វែងរកការបង្រួបបង្រួមអំណាច ទោះបីជាមានការថ្កោលទោសពីអន្តរជាតិក៏ដោយ។
លោកឧត្តមសេនីយ៍ Brice Oligui Nguemam ដែលជាមេដឹកនាំរដ្ឋប្រហារ និងជាអតីតប្រធានកងអង្គរក្សរបស់ប្រធានាធិបតី នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃចន្ទ ខាងមុខនេះ។
ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខរបស់សហភាពអាហ្រ្វិក បានធ្វើសកម្មភាពលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយរារាំងការចូលរួមរបស់ហ្គាបុងនៅក្នុងសកម្មភាព បណ្ដាញ និងស្ថាប័នទាំងអស់របស់ខ្លួនរហូតដល់សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញត្រូវបានស្តារឡើងវិញ។
ប្លុកនយោបាយរបស់អាហ្រ្វិកកណ្តាល ដែលប្រទេសហ្គាបុងជាសមាជិក ក៏បានថ្កោលទោសការធ្វើរដ្ឋប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយបាននិយាយថា ខ្លួនគ្រោងនឹងរៀបចំកិច្ចប្រជុំប្រមុខរដ្ឋដើម្បីកំណត់ពីមធ្យោបាយឆ្លើយតបលើរដ្ឋប្រហារនេះ ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់នោះទេ៕

