កុងហ្គោ៖ យោងតាមប្រភពក្នុងស្រុក និងឯកសារផ្លូវការដែលឃើញដោយសារព៏ត៌មាន AFP នៅថ្ងៃនេះបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤៨នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបលើការតវ៉ាប្រឆាំងអង្គការសហប្រជាជាតិ នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ កាលពីម្សិលមិញ ក្រុមទាហានកុងហ្គោបានបង្ក្រាបក្រុមសាសនាមួយក្រុម ដែលគ្រោងធ្វើបាតុកម្មប្រឆាំងនឹងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងទីក្រុង Goma។
ដំបូងឡើយមនុស្ស១០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ ក្នុងនោះមានមន្ត្រីនគរបាលម្នាក់ដែលត្រូវបានធ្វើឃាតដោយសមាជិកនិកាយសាសនានេះ។ ប៉ុន្តែឯកសារផ្ទៃក្នុងរបស់កងទ័ព ដែលត្រូវបានពិគ្រោះយោបល់ដោយសារព័ត៌មាន AFP និងផ្ទៀងផ្ទាត់ដោយមន្ត្រីសន្តិសុខបាន ផ្តល់តួលេខអ្នកស្លាប់ចំនួន៤៨នាក់នៅក្នុងការបង្រ្កាបនោះ បន្ថែមពីលើនគរបាលដែលត្រូវបានសម្លាប់នោះ និងមន្រ្តីនគរបាលចំនួន៧៥ក៏នាក់បានរងរបួសផងដែរ។
ឯកសារនោះក៏និយាយដែរថា ក្រុមទាហានបានរឹបអូសអាវុធជាច្រើនដើម និងចាប់ខ្លួនមនុស្ស១៦៨នាក់ រួមទាំងមេដឹកនាំសាសនានោះផងដែរ។ ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានបំផ្លិចបំផ្លាញដោយអំពើហឹង្សារបស់កងជីវពលអស់រយៈពេលបីទសវត្សរ៍មកហើយ ដែលជាកេរ្តិ៍ដំណែលនៃសង្រ្គាមក្នុងតំបន់ដោយបានផ្ទុះឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងឆ្នាំ២០០០។
បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់នេះ គឺជាបេសកកម្មដ៏ធំបំផុតមួយ និងមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ជាមួយនឹងថវិកាប្រចាំឆ្នាំប្រហែល១ពាន់លានដុល្លារអាមេរិក។ អង្គការសហប្រជាជាតិ ចូលទៅក្នុងកុងហ្គោដោយរងការរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសអាហ្រ្វិកកណ្តាលមួយនេះ ដែលមនុស្សជាច្រើនយល់ឃើញថា កងរក្សាសន្តិភាពមិនបានការពារជម្លោះក្នុងប្រទេសនេះនោះទេ៕

