
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបសម្រេចបន្តការហាមឃាត់ការលក់ដូរ និងការជួបជុំទទួលទានគ្រឿងស្រវឹងនៅទូទាំងខេត្តនេះរយៈពេល ២សប្ដាហ៍ទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងសេចក្ដីណែនាំរបស់ខ្លួន រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ការលក់ដូរ និងការទទួលទានគ្រឿងស្រវឹង នឹងបន្តផ្អាក ១៤ថ្ងៃទៀត ចាប់ពីថ្ងៃស្អែកនេះរហូតដល់ថ្ងៃទី០៩ ខែមិថុនាខាងមុខនេះ។
រដ្ឋបាលខេត្តនេះបញ្ជាក់ថា ការបន្តហាមឃាត់បែបនេះ គឺដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈផងដែរ។
បើតាមសេចក្ដីណែនាំដដែលនេះ អាជ្ញាធរខេត្តសៀមរាបក៏ហាមឃាត់ផងដែរនូវសកម្មភាពចាក់ឧបករណ៍បំពងសំឡេង ការច្រៀង និងរាំកម្សាន្ត៕