UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ដើម្បីបន្តបេសកកម្មរក្សាសន្តិភាពដ៏យូរអង្វែងនៅក្នុងប្រទេសលីបង់រយៈពេលមួយឆ្នាំទៀត បន្ទាប់ពីបានឈានដល់ការសម្របសម្រួលមួយរវាងប្រទេសបារាំង និងសហរដ្ឋអាមេរិក លើច្បាប់ស្តីពីសេរីភាពនៃចល័តទីរបស់កងទ័ពអង្គការសហប្រជាជាតិ។
កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៨ កំពុងធ្វើការល្បាតព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ជាមួយអ៊ីស្រាអែល។ អាណត្តិសម្រាប់ប្រតិបត្តិការនេះត្រូវបានបន្តជារៀងរាល់ឆ្នាំ ហើយការអនុញ្ញាតបច្ចុប្បន្នរបស់វាបានត្រូវផុតកំណត់កាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា)។
ពង្រាងសេចក្តីសម្រេចរបស់បារាំង ត្រូវបានអនុម័តដោយមានសំឡេងគាំទ្រ១៣សំឡេង និងអនុប្បវាទ ដោយរុស្ស៊ី និងចិន។ ការបោះឆ្នោតដែលបានគ្រោងទុកកាលពីថ្ងៃពុធ (៣០ សីហា) ត្រូវបានពន្យារពេល ខណៈដែលប្រទេសបារាំង សហរដ្ឋអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម បានឈ្លោះប្រកែកគ្នាអំពីច្បាប់ស្តីពីសេរីភាពនៃចល័តទីរបស់អង្គការសហប្រជាជាតិ។
ការបន្តរក្សាសន្តិភាពនេះ កើតឡើងស្របពេលមានសង្គ្រាមពាក្យសម្តីកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមហេបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ ដោយម្នាក់ៗប្តេជ្ញាថា នឹងបញ្ជូនគ្នាទៅវិញទៅមកទៅកាន់សម័យកាល «យុគថ្ម» វិញ ព្រមទាំងរៀបចំសម្រាប់ជម្លោះដែលអាចកើតមាន ទោះបីជាពួកគេព្យាយាមមិនបង្កើតជម្លោះក៏ដោយ៕


