អាមេរិក៖ ក្រុមមន្ត្រី និយាយថា មនុស្ស២នាក់ស្លាប់និង៣នាក់រងរបួសក្នុងការបាញ់ប្រហារមួយនៅជិតផ្សារទំនើប អាបូរ៉េធឹម (Arboretum) ក្នុងទីក្រុងអូស្ទីន (Austin)រដ្ឋតិចសាស់ (Texas)សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។
ស្នងការនគរបាលបណ្ដោះអាសន្ន លោក រ៉ូប៊ីន ហេនឌ័រស៊ុន (Robin Henderson ) និយាយថា មនុស្ស២នាក់ ត្រូវបានប្រកាសថាបានស្លាប់នៅនឹងកន្លែងកើតហេតុ ម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំង២ម្នាក់ជាជនសង្ស័យជាខ្មាន់កាំភ្លើង ។
យោងតាមសេវាវេជ្ជសាស្ត្រសង្រ្គោះបន្ទាន់ប្រចាំស្រុក Austin-Travis យុវជនម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដោយសាររបួសធ្ងន់គំរាមកំហែងដល់អាយុជីវិត ។ ចំណែកយុវជន២នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញ តែមានរបួសស្រាល ។
យោងតាមក្រុមមន្ត្រី គេនៅតែពុំទាន់បានដឹងច្បាស់នៅឡើយទេនៅពេលនេះ ពីទំនាក់ទំនងរវាងជនសង្ស័យ និងជនរងគ្រោះ។
គ្មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ឃុំខ្លួនទេ ប៉ុន្តែនគរបាលក្រុងអូស្ទីន បានធានានៅក្នុងការបង្ហោះលើបណ្ដាញសង្គម X ថា គ្មានការគំរាមកំហែងចំពោះសាធារណជននោះទេ៕

