អាមេរិក៖ ចំហេះព្រៃកោះម៉ូអ៊ី បានធ្វើឱ្យសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍នៃកោះរបស់សហរដ្ឋអាមេរិកមួយនេះចុះខ្សោយ ដែលនាំឱ្យមានការដួលរលំ និងការបញ្ឈប់ការងារជាដើម។
បន្ទាប់ពីចំហេះព្រៃដ៏មហន្តរាយបំផុតនៅក្នុងប្រទេស អស់រយៈពេលជាងមួយសតវត្សរ៍ បានវាយប្រហារទីក្រុងប្រវត្តិសាស្ត្រ ឡាហេណា នៅភាគខាងលិចកោះម៉ូអ៊ី មក អ្នកទេសចរជាច្រើនបានលុបចោលជើងហោះហើររបស់ពួកគេ ឬប្តូរទៅកាន់កោះហាវ៉ៃផ្សេងទៀត។
ដោយជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក កោះម៉ូអ៊ី ទទួលបានភ្ញៀវទេសចរជាមធ្យមជាង៧.០០០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែឥឡូវនេះចំនួនបានធ្លាក់ចុះមកនៅត្រឹមតែជាង២.០០០នាក់ប៉ុណ្ណោះ។
ព្រឹទ្ធសមាជិករដ្ឋហាវ៉ៃ លោក Brian Schatz បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រៅពីតំបន់ដែលឆេះហើយ ផ្នែកផ្សេងទៀតនៃកោះក៏កំពុងទទួលរងការធ្លាក់ចុះនៃអ្នកទេសចរផងដែរ ព្រោះមនុស្សគិតថាកោះទាំងមូលត្រូវបានបិទ។
ប្រជាពលរដ្ឋក្នុងស្រុកព្រួយបារម្ភថា វិបត្តិទេសចរណ៍នឹងធ្វើឱ្យអ្នកស្រុកកាន់តែច្រើន មិនមានលទ្ធភាពជួលផ្ទះ និងការចំណាយប្រចាំថ្ងៃ ដោយបង្ខំឱ្យអ្នកដែលមិនរងផលប៉ះពាល់ផ្ទាល់ដោយចំហេះព្រៃ ចូលរួមជាមួយជំនួយសង្គ្រោះ។
រយៈពេលបីសប្តាហ៍បន្ទាប់ពីចំហេះបានបំផ្លិចបំផ្លាញសហគមន៍មាត់សមុទ្រជាប្រវត្តិសាស្ត្ររបស់កោះម៉ូអ៊ី នៃទីក្រុងឡាហេណា ដោយចំនួនអ្នកស្លាប់មានដល់ទៅ១១៥នាក់ ប៉ុន្តែមនុស្សរាប់រយនាក់ទៀតនៅតែបាត់ខ្លួននៅឡើយ៕



