ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការ ធនធានទឹក អភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម ចុះពិនិត្យ និងស្ដារការខូចខាតសមិទ្ធផល ដោយទឹកជំនន់។
ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា និង ស្ពានតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា ទៅក្រុងរណបកោះពេជ្រ ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំ ពេញ នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកដាស់តឿន រដ្ឋមន្ត្រីចំនួនបួនរូប ឱ្យចុះធ្វើសកម្មភាពឱ្យបានសកម្ម និងមានល្បឿនលឿន ក្នុងការស្ដារការខូចខាត ឡើងវិញ ដោយសារទឹកជំនន់ ដើម្បីសម្រួលការលំបាករបស់ពលរដ្ឋ។
គ្រោះទឹកជំនន់ថ្មីៗនេះ បានបង្កការជន់លិចខេត្តក្រុង១៩ ក្នុងចំណោមខេត្តក្រុង២៥ បានបង្កឱ្យ ខូចខាតស្រូវ ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ ផ្លូវថ្នល់ ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រទំនប់ប្រឡាយ សមិទ្ធផលសាធារណៈ និងឯកជនជាច្រើន ក្នុងនោះ មានខេត្តក្រុងចំនួន៥ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងរាជធានីភ្នំពេញ៕
អត្ថបទ៖ មុត សុទ្ធ







